ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ថា​សេដ្ឋកិច្ច​កម្ពុជា​កើន ៥,៣ ភាគរយ ស្រ​ដៀង​ការ​រំពឹង​របស់​រដ្ឋាភិបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ថា​នឹង​កើនឡើង ៥,៣ ​ភាគរយ នៅ​ឆ្នាំ ២០២២ និង…

រាជធានី​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ថា​នឹង​កើនឡើង ៥,៣ ​ភាគរយ នៅ​ឆ្នាំ ២០២២ និង ៦,៥ ​ភាគរយ នៅ​ឆ្នាំ ២០២៣ ដោយសារ​កំណើន​នៃ​ការ​នាំ​ចេញ ទំនិញ និងលំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ។

នាយក​ស្តីទី​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB លោក Anthony Gill បាន​និយាយ​នៅ​ក្នុង​របាយការណ៍ ​ដែល​ចេញផ្សាយ​ថ្ងៃ​ទី​៦ ខែ​មីនា​ នេះថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ​បាន​ងើបឡើង​វិញ​ ដល់​ប្រមាណ ៣ ​ភាគរយ ក្នុង​ឆ្នាំ ២០២១ ​កន្លង​ទៅ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ៣,១​ ភាគរយ ក្នុង​ឆ្នាំ ២០២០ ។

រូបភាព៖​ ស្រី គំនិត

លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ​នានា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​កូ​វី​ដ​ ១៩ លើ​អាជីវកម្ម និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច ឡើង​វិញ ​។ ការ​ចាក់​វ៉ាក់សាំង​បាន​យ៉ាង​ទូលំទូលាយ ​ប្រឆាំង​នឹង​កូ​វី​ដ ​១៩ ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ ​សម្រាប់​ពាណិជ្ជកម្ម និងទេសចរណ៍ ដែល​នាំ​ទៅ​រក​ការ​រំពឹង​ទុក​វិជ្ជមាន នៃ​កំណើនសេដ្ឋកិច្ច​ សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ ២០២៣ ។

យោង​តាម​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ឆ្នាំ​២០២២ ​ឱ្យ​ដឹង​បន្ត​ថា ផលិតកម្ម​ឧស្សាហកម្ម ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង ៨,១ ​ភាគរយ​នៅ​ឆ្នាំ ២០២២ និង ៩,១​ ភាគរយ ក្នុង​ឆ្នាំ ២០២៣​ ។ កំណើន​នេះ​ក៏​នឹង ត្រូវ​បាន​ជំរុញ​ ដោយ​ការ​អនុវត្ត យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ដែល​មានគោលបំណង ​បង្កើន​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ផ្នែក​នេះ​ ។

កាលពី​ចុងឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​ ហ៊ុន សែន បាន​ព្យាករណ៍កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ មាន​៥% ឆ្នាំ​២០២៣ ​អាច​នឹង​កំណើន​ដល់​ ៦.៨%​ ហើយ​ឆ្នាំ​បន្ទាប់​អាច​ឈាន​ដល់ ​៧%​ ដូច​ពេល​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ នៅ​មុន​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ ​នោះ ​។

រូបភាព៖ ស្រី គំនិត

នៅ​ក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​ថ្ងៃ​ទី​ ៦ ខែ​មីនា ​ឆ្នាំ​២០២​នេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី ការ​នាំ​ចេញ​ទំនិញ និង​សេវាកម្ម ​ត្រូវ​បាន​ព្យាករ​ណ៍ថា​នឹង​កើនឡើង​នៅ​ឆ្នាំ ២០២២ និង ២០២៣ ដោយសារ​កំណើន​តម្រូវការ​ក្រៅ​ស្រុក លើ​ផលិតផល​កម្ពុជា ព្រម​ជាមួយនឹង​ការ​ងើបឡើង​វិញ​ជា​បណ្តើរ​ៗ នៃ​វិស័យ​ទេសចរណ៍​ ។ វិស័យ​សេវាកម្ម​ត្រូវ​បាន​ព្យាករ​ណ៍ថា​នឹង​ងើបឡើង​វិញ ​នៅ​កម្រិត ៤,៨​ ភាគរយ នៅ​ឆ្នាំ​នេះ និងកើន​ដល់ ៦,៨ ​ភាគរយ ក្នុង​ឆ្នាំ ២០២៣​ ។

លោក Anthony Gill បាន​មាន​ប្រសាសន៍​ថា ការ​បង្កើន​ពាណិជ្ជកម្ម និងទេសចរណ៍ តែ​មួយ​មុខ​នឹង​មិន​គ្រប់គ្រាន់ ដើម្បី​ជួយ​កម្ពុជា​ឱ្យ​មាន​និរន្តរភាព ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នោះ​ទេ​ ។ ប្រទេសកម្ពុជា​ដែល​ធ្លាប់តែ​ផ្តោត​លើ​ការ​ផលិត និងការ​នាំ​ចេញ​សម្លៀក​បំពាក់ ទំនិញ​ធ្វើ​ដំណើរ និងស្បែកជើង អាច​ទទួល​បាន​អត្ថប្រយោជន៍​ ពី​ការ​ធ្វើ​ពិពិធ​កម្ម នៃ​ឧស្សាហកម្ម​ធុន​ស្រាល ដូច​ជា​កង់ គ្រឿងបន្លាស់ អេ​ឡិច​ត្រូ​និ​ក និង ផលិតផល​ខ្សែភ្លើង​ជាដើម ​។ ការ​ធ្វើ​ពិពិធ​កម្មនេះ​ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ធន់​នឹង វិបត្តិ​នានា​នៃ​តម្រូវការ​ក្រៅ​ស្រុក​ ៕

អត្ថបទសរសេរ ដោយ