នរណាក៏ដឹងដែរថា ទម្លាប់ផឹកស្រាជក់បារី ធ្វើឱ្យប៉ះពាល់ដល់សុខភាព។ តែអ្នកដឹងទេថា ទម្លាប់ផ្សេងទៀតដែលមើលទៅដូចជាមិនមានបញ្ហាអ្វីទាល់តែសោះ ក៏អាចឱ្យអ្នកមានបញ្ហាសុខភាពដោយមិនដឹងខ្លួនដែរ។ ថ្ងៃនេះ អ្នកនឹងបានស្វែងយល់ពីទម្លាប់ទាំងនោះ។
១. គេងច្រើនពេក
ការគេង គឺចាំបាច់សម្រាប់សុខភាពរាងកាយល្អប្រសើរ។ ទោះជាយ៉ាងណាអ្នកមិនគួរគេងលើសពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ឡើយ ក៏ព្រោះវាអាចបង្កជាផលប៉ះពាល់ជំនួសវិញ។ ការគេងច្រើនពេកជាប្រចាំត្រូវបានផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង ជំងឺធាត់ជ្រុល និងការថយចុះនៃមុខងារខួរក្បាលជាដើម។
២. ដុសធ្មេញភ្លាមៗក្រោយទទួលទានរួច
ការដុសធ្មេញក្រោយទទួលទានអាហាររួចភ្លាម អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពធ្មេញ។ ដើម្បីជាការប្រសើរអ្នកគួររងចាំយ៉ាងហោចណាស់ ៣០ នាទីក្រោយទទួលទានអាហារសិនមុននឹងដុសសម្អាតធ្មេញ។ ធ្មេញរបស់យើងទទួលបានការការពារពីកាចា ហើយជាតិអាស៊ីតដែលត្រូវបានបង្កើតឡើងពីអាហារផ្សេងៗធ្វើអោយកាចាធ្មេញចុះខ្សោយ។ ដូច្នេះប្រសិនបើដុសធ្មេញភ្លាមក្រោយទទួលទាននោះធ្មេញនឹងងាយទទួលរងផលប៉ះពាល់។
៣. ទទួលទានអាហារលឿនពេក
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទាន ឬទំពារអាហារលឿនពេកអាចបណ្ដាលអោយកើតមានបញ្ហាសុខភាពជាច្រើន។ ក្រៅពីជះឥទ្ធិពលដល់ទម្ងន់ហើយនោះ ការទទួលទានលឿនក៏បង្កើនហានិភ័យនៃជំងឹបេះដូង ទឹកនោមផ្អែម និងជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ អ្នកដែលទទួលទានលឿនច្រើនតែទទួលទានច្រើនជ្រុលនោះក៏ព្រោះតែជាធម្មតាខួរក្បាលត្រូវការរយៈពេលជាមធ្យម ២០ នាទីពីពេលដែលអ្នកចាប់ផ្ដើមទទួលទានដើម្បីបញ្ជូនសញ្ញាថាឆ្អែត៕
ចែករំលែកព័តមាននេះ