រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកបានគាំទ្រទឹកប្រាក់ចំនួន ២៥ លានដុល្លារ ជួយបង្កើនបទពិសោធន៍អំណាន និងការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា ។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថា គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ជួយបង្កើនដល់សមិទ្ធផលមុនៗ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង» ។
គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា (IPEA) នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធី កុមាររៀនកុមារចេះ នៃក្រសួងអប់រំ យុវជន និងកីឡា ។
ក្នុងពីធីបើកដំណើរការអនុវត្តគម្រោងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា កុមារនៅថ្ងៃនេះ គឺជាអ្នកដឹកនាំនៅថ្ងៃអនាគត ។ «យើងមានមោទកភាពក្នុងការគាំទ្រដល់កុមារកម្ពុជាតាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់ តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ» ។
លោកទូតបន្តថា «យើងមានទំនុកចិត្តថា កិច្ចសហការរបស់យើងលើកម្មវិធី កុមាររៀនកុមារចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ» ។
រហូតមកដល់បច្ចុប្បន្ននេះ គ្រូបង្រៀនប្រមាណ ៦.៥០០ នាក់ ទទួលបានការបណ្តុះបណ្តាលលើការប្រើប្រាស់សម្ភារអំណាន ថ្នាក់ទី ១ និងទី ២ រួមជាមួយនឹងមត្តេយ្យកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃភាពជាដៃគូរវាងក្រសួងអប់រំ យុវជននិង កីឡា ទីភ្នាក់ងារជំនួយអាមេរិក USAID និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ។ គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាល បានអនុវត្តកម្មវិធីអក្ខរកម្មភាសាខ្មែរ និងវិធីសាស្ត្របង្រៀនថ្មី ក្រោមកិច្ចគាំទ្រពីគ្រូបង្វឹកអំណានដែលមានជំនាញក្នុងខេត្តចំនួនប្រាំបី ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត គម្រោងនឹងបន្តការជំរុញ និងលើកកម្ពស់ការសិក្សានៅកម្រិតថ្នាក់ដំបូង ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងបន្តការសម្របសម្រួលនៅក្នុងវិស័យទាំងមូលឱ្យរឹតតែមានប្រសិទ្ធភាព និងភាពស័ក្តសិទ្ធតាមរយៈការពង្រឹងការអនុវត្តកម្មវិធីកុមាររៀនកុមារចេះ នៅទូទាំងប្រទេស ជាមួយនឹងការអនុវត្តកម្មវិធីគាំទ្រថ្នាក់អប់រំបរិយាបន្នផងដែរ ។
ដោយមានការគាំទ្រពីភ្នាក់ងារជំនួយអាមេរិក USAID កម្មវិធីអំណានបានជួយដល់សិស្សប្រមាណ ២០០,០០០ នាក់ ប្រមាណជា ៣២% នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេស ។ លើសពីនេះទៀត ដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជាបានធ្វើការរួមគ្នា ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចែកសម្ភារសិក្សាតាមផ្ទះ ដល់សិស្សានុសិស្ស និងមាតាបិតាសិស្សថ្នាក់ទី ១ និងទី ២ នៅទូទាំងប្រទេសក្នុងអំឡុងពេលបិទសាលារៀនកាលពីឆ្នាំកន្លងទៅផងដែរ៕
ចែករំលែកព័តមាននេះ