ករណីឆ្លងនៃកូវីដ១៩ ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះនៅក្នុងសហរដ្ឋអាមេរិក ដោយសារប្រភេទអូមីក្រុងថ្មី ឈ្មោះថា BA.2 ដែលជាបងប្អូនជីដូនមួយរបស់ប្រភេទអូមីក្រុង។
ទិន្នន័យថ្មីពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បង្ហាញថា ករណីឆ្លងកូវីដ១៩ ដែលជាប្រភេទ BA.2 បានកើនឡើងបីដងរៀងរាល់ពីរសប្តាហ៍ម្តង។ លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលរបស់ប្រទេសបានប្រាប់ KGTV នៅថ្ងៃពុធថា៖ “ខ្ញុំរំពឹងថា យើងអាចនឹងឃើញការកើនឡើងនៃករណីឆ្លងនៅទីនេះនៅក្នុងសហរដ្ឋអាមេរិក ពីព្រោះកាលពីមួយសប្តាហ៍មុន CDC បានចេញមកជាមួយនឹងការកែប្រែរង្វាស់របស់ពួកគេសម្រាប់អ្វីដែលត្រូវបានណែនាំសម្រាប់ការពាក់ម៉ាស់ក្នុងកន្លែងបិទជិត និង វាលខាងក្រៅ។ នៅពេលនេះ ការពាក់ម៉ាស់នៅកន្លែងបិទជិត គឺមិនចាំបាច់នោះទេ។”
ក្តីបារម្ភលើកូវីដប្រភេទ BA.2 បានកើតឡើងនៅពេលដែលករណីឆ្លងកូវីដ១៩ បាននិងកំពុងកើនឡើងនៅក្រៅប្រទេស ដែលនាំទៅដល់ការផ្ទុះធំនៅអាស៊ី និងអឺរ៉ុប។
អ្នកជំនាញព្រួយបារម្ភថា រលកនៃករណីថ្មីៗ នឹងវាយលុកដល់សហរដ្ឋអាមេរិកជាបន្តបន្ទាប់។ គេបានរកឃើញ តាមការសិក្សាពីទឹកលូស្អុយនៅសហរដ្ឋអាមេរិក ដែលបង្ហាញថាករណីឆ្លងប្រហែលនឹងកើនឡើងនៅពេលខាងមុខ។ ជាមួយគ្នានេះដែរ ការផ្ទុះឡើងនៃការឆ្លងកូវីដ នាពេលថ្មីៗនេះរបស់ប្រទេសចិន គឺកំពុងតែមានការកើនឡើងដូចគ្នា៕
ចែករំលែកព័តមាននេះ