ខេត្តសៀមរាប ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ កើតឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ ។
អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២ នេះអាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត ។
អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេស របស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង ។
លោក អ៊ឹម សុខរិទ្ធី ឲ្យដឹងទៀតថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិ ឲ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទ អង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លីការគន់គូរតាមគណិតវិទ្យាការគិតគូរពីដំណើរតារាសាស្ត្រ ព្រមទាំងរួមផ្សំជាមួយជំនឿផង ដែលអាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀត ក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។
ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី និងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត អាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែបាតុភូតនោះកើតឡើងមិនដូចគ្នាទេ ។ ក្នុងព្រឹត្តិការណ៍ ថ្ងៃរះចំកំពូលនៃប្រាសាទ នៅព្រឹកថ្ងៃទី២១ ខែមីនានេះ យើងសង្កេតឃើញមានភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនា និងផ្តិតយករូបភាពនៃព្រឹត្តិការណ៍នេះ ប្រមាណជាង១ម៉ឺនអង្គ/នាក់ ក្នុងនោះក៏មានព្រះសង្ឃបាននិមន្តទៅធ្វើពិធីប្រោះព្រហ្ម សុំនូវសេចក្តីសុខ និង សុំឲ្យប្រទេសកម្ពុជាយើង ជួបនូវតែសុខសន្តិភាពជារៀងរហូតទៅអនាគត ។
ក្នុងព្រឹត្តិការណ៍ថ្ងៃរះនេះ ក៏បានធ្វើឲ្យភ្ញៀវជាតិ អន្តរជាតិ មានការខកបំណងរបស់ខ្លួន ដោយសារតែអាកាសធាតុមិនអំណោយផល ធ្វើឲ្យថ្ងៃរះបិទបាំងដោយផ្ទាំងពពក ដែលធ្វើឲ្យយើងគ្រប់គ្នាមើលមិនឃើញបានច្បាស់ដូចពេលមុនៗ ៕
ចែករំលែកព័តមាននេះ