ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង​ឡើងថ្លៃ ​៖ អាជ្ញាធរ​ហាម​មិនឱ្យដេប៉ូ​មាន​សាំង​ផ្អាក​លក់ ​ដើម្បី​ឆ្លៀតពេល​ដំឡើង​ថ្លៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យអាជ្ញាធរ​ដែនដី​ពិនិត្យ ​និង​អន្តរាគមន៍​មិនឱ្យកន្លែង​លក់​សាំង​ផ្អាក​លក់​សាំង ​ដើម្បី​មានឱកាស​ដំឡើង​ថ្លៃ ឬ​ធ្វើការ​ដំឡើង​ថ្លៃ​ប្រេងសាំង​ហួស​ពី​ការ​កំណត់​របស់​ក្រសួង ដែល​នាំ​ឱ្យប៉ះពាល់​ស្ថិរភាព ​និង​ជីវភាព​ប្រជាពលរដ្ឋ​នោះ​ឡើយ ​។…

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យអាជ្ញាធរ​ដែនដី​ពិនិត្យ ​និង​អន្តរាគមន៍​មិនឱ្យកន្លែង​លក់​សាំង​ផ្អាក​លក់​សាំង ​ដើម្បី​មានឱកាស​ដំឡើង​ថ្លៃ ឬ​ធ្វើការ​ដំឡើង​ថ្លៃ​ប្រេងសាំង​ហួស​ពី​ការ​កំណត់​របស់​ក្រសួង ដែល​នាំ​ឱ្យប៉ះពាល់​ស្ថិរភាព ​និង​ជីវភាព​ប្រជាពលរដ្ឋ​នោះ​ឡើយ ​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ​នៅ​ពេល​ប្រេងសាំង​ឡើងថ្លៃ​នេះ​គ្រប់​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​ទាំងអស់ របស់​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា បាន​នៅ​បន្ត​លក់​ជា​ធម្មតា ​​ភាគច្រើនមា​នទី​តាំងនៅ​កណ្តាល​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ទីរួមខេត្ត ឬ​ទីរួមស្រុក ប៉ុន្តែ​ចំពោះ​ដេប៉ូ​ស្ថានីយប្រេងឥន្ធនៈ​ឯកជន​មួយ​ចំនួន ដែល​ភាគច្រើន​នៅ​តាម​ដងផ្លូវ​ក្រៅពី​ទីរួមខេត្ត ឬ​ទីរួមស្រុក បាន​ផ្អាក​ការ​លក់រាយ​របស់​ខ្លួន និង​មួយ​ចំនួន​បាន​ឡើងថ្លៃ​ប្រេងឥន្ធនៈ​មុន​ការ​កំណត់ ​។

«ស្នើ​ឱ្យ​អភិបាលខេត្ត​ទាំងអស់ ជួយ​ជំរុញ​ឱ្យ​ដេប៉ូ​ស្ថានីយប្រេងឥន្ធនៈ​ឯកជន​ទាំងនោះ អនុវត្ត​តាម​គោលការណ៍​ច្បាប់ ឬ​សហការ​ផ្តល់​ព័ត៌មាន​មក​មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) រាជធានី​-​ខេត្ត មន្ត្រី​ពាណិជ្ជកម្ម​រាជធានី​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​» នេះ​បើ​តាម​ការ​លិខិត​របស់​ក្រសួងពាណិជ្ជកម្ម​ចេញ​នៅ​ថ្ងៃ​ទី​ ១៦​ មីនា​កន្លង​មកនេះ​ ។

ក្រសួងពាណិជ្ជកម្ម បាន​ព្រមាន​ចាត់វិធានការ ចំពោះ​ស្ថានីយប្រេងឥន្ធនៈ​ណា​លក់​លើស​តម្លៃ​ដែល​ក្រសួង​បាន​កំណត់ និង​ស្ថានីយ​ណា ដែល​ផ្អាក​ការ​លក់​បណ្តោះអាសន្ន ដើម្បី​ទុក​ប្រេង​លក់​ដំឡើង​ថ្លៃ​នា​ពេល​ខាង​មុខ​នោះ​ ។
ជា​ការ​កត់សម្គាល់​នៅ​ពេល​ប្រេងសាំង​ឡើងថ្លៃ​ដល់​មួយ​លី​ត្រ ​៥៣០០​ រៀល សម្រាប់​ប្រេងសាំង​ធម្មតា​ និង​ប្រេងម៉ាស៊ូត​នោះ ហើយ​សាំង​ស៊ូ​ពែ​ឡើង​ដល់ ​៥៨៥០ ​រៀល គេ​សង្កេត​ឃើញ​ស្ថានីយ៍​ចាក់​សាំង​ខ្លះ​ សូ​ម្បី​នៅ​ភ្នំពេញ​ក៍មានដែរ បាន​បិទ​ស្លាក​ទាំង​ថ្ងៃ​ថា​ «អស់​សាំង​ពី​ស្កុ​ក​» ​។

មាន​ករណី​ខ្លះ​ទៀត​ពលរដ្ឋ​បាន​លើក​ឡើង​ថា ​កន្លែង​លក់​សាំង​មួយ​ចំនួនបាន​ដំឡើង​ថ្លៃ​ខ្ពស់​ជាង​ការ​កំណត់​របស់​ក្រសួង ដែល​ប្រការ​ទាំងនេះ​បាន​បង្កឱ្យពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​តម្លៃ​សាំង​កាន់តែ​ឡើងថ្លៃ​ ពិសេស​គ្មាន​សាំង​ប្រើប្រាស់​តែ​ម្តង ​។

បន្ថែម​ពី​លិខិត​ជូនដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា នឹង​អនុវត្ត​តាម​គោល ការណ៍​ច្បាប់ ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ដល់​អ្នក​រកស៊ី​ណា​ដែល​កេ​ញ​ចំណេញ​នា​ពេល​នេះ ​។ ការ​ជូនដំណឹង​ពី​តម្លៃ​ប្រេងសាំង​ថា ​នឹង​ធ្លាក់​ថ្លៃ​ជាង​ពេល​បច្ចុប្បន្ន​នេះ ឬ​បន្ត​ឡើងថ្លៃ​ទៀត គេ​រង់​ចាំ​រហូត​ចុងខែ​មីនា​នេះ​ទើប​ដឹង ​ពីព្រោះ​ការ​កំណត់​តម្លៃ​លក់​សាំង​នៅ​កម្ពុជា​ដែល​ផ្អែក​ទីផ្សារ​ប្រេង​អន្តរជាតិ​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ពេល ​២​ ស​ប្តា​ហ៍ម្ត​ង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ