ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​នៅ​ជនបទ​ចាយប្រាក់​រៀល​ច្រើន​ជាង​អ្នក​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃកម្ពុជា បាន​ឱ្យដឹង​ថា ទោះបី​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ប្រើប្រាស់​ប្រាក់​រៀល​មានការ​កើនឡើង ​តែ​ពលរដ្ឋ​នៅ​ជនបទ​ជា​អ្នក​បាន​ចាយ​រូបយ​វត្ថុ​ជាតិ​ច្រើន​ជាង​អ្នក​ទីក្រុង ​។ លោកស្រី ជា​សិរី អគ្គនាយក​បច្ចេក​ទេស​នៃ​ធនាគារជាតិ​ជាតិនៃ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃកម្ពុជា បាន​ឱ្យដឹង​ថា ទោះបី​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ប្រើប្រាស់​ប្រាក់​រៀល​មានការ​កើនឡើង ​តែ​ពលរដ្ឋ​នៅ​ជនបទ​ជា​អ្នក​បាន​ចាយ​រូបយ​វត្ថុ​ជាតិ​ច្រើន​ជាង​អ្នក​ទីក្រុង ​។ លោកស្រី ជា​សិរី អគ្គនាយក​បច្ចេក​ទេស​នៃ​ធនាគារជាតិ​ជាតិនៃ​កម្ពុជា នៅ​ក្នុងកម្មវិធី​ទិវា​ប្រាក់​រៀលខួប​លើក​ទី ​៤២ នាថ្ងៃទី ​២០ ខែមីនា ឆ្នាំ ១៩៨០ – ២០ ខែមីនា ឆ្នាំ ២០២២ បាន​លើក​ឡើង​ថា ជា​ទូទៅ​តាម​ការ​ធ្វើ​អង្កេត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ការ​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​មាននៅ​តាម​ជនបទ ​។

លោកស្រី​បញ្ជាក់​ថា «បើ​ទោះបី​នៅ​នៅ​ទីប្រជុំជន​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​មាន​ចំនួន​ច្រើន​ក្តី ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់អារម្មណ៍​ គឺ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក ពិសេស​នៅ​ក្នុង​ប្រព័ន្ធ​បាគង​ដែល​ធនាគារជាតិ​នៃ​កម្ពុជា ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ឃើញ​ថា ​មានការ​ទូទាត់​ជា​ប្រាក់​រៀល​កាន់តែ​ច្រើន​ឡើង​ៗ ​។

អគ្គនាយក​បញ្ចេ​ក​ទេស​នៃ​ធនាគារជាតិ​ជាតិ​នៃកម្ពុជា សម្តែង​ក្តី​សង្ឃឹមថា ​តាម​រយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បាគង​ ឬ​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ទូទាត់​ប្រាក់​រៀល​កាន់តែ​ងាយស្រួល ព្រោះ​ប្រជាជន​បច្ចុប្បន្ន តែងតែ​រអ៊ូ​ថា​ កាន់​ប្រាក់​រៀល​ទៅ​ចាយ​ច្រើន ឬ​មាន​លេខ​សូន្យ​ច្រើន​ពិបាក​រាប់​ជាដើម​ ។​ ចំណុច​ទាំងនេះ ខាង​ធនាគារជាតិ​នៃ​កម្ពុជា ​បាន​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ក្រដាសប្រាក់​ថ្មី​ និង​មាន​ភាព​ទាក់ទាញ​ជាង​មុន​ ។

គិត​ត្រឹម​ត្រីមាស​ទី ​៤ ​ក្នុង​ឆ្នាំ​ ២០២១ ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រព័ន្ធ​បាគង​មាន​ចំនួន ​៣,៤ ​លាន​ប្រតិបត្តិការ ហើយ​បើ​គិត​ជា​ទំហំ​ទឹកប្រាក់​មាន​ប្រមាណ​ ១,៣ ​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ជិត ​៨ ​លាន​នាក់​ ។

លោក​ ផល សុខ​ចំរើន នាយក​ប្រតិបត្តិ​រង​ទីផ្សារ​នៃ​ធនាគារ ​អេ​ស៊ី​លី​ដា ​បានឱ្យ​ដឹង​ថា​ ជា​ទូទៅ​ធនាគារ​ អេ​ស៊ី​លី​ដា​តែងតែ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​តាម​រយៈ​នៃ​ការ​បញ្ចេញ​ឥណទាន​ និង​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​ជា​ប្រាក់​រៀល ហើយ​នៅ​ក្នុង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់​ខាង​ធន​គារ​ក៏​មាន​ពីរ​គណនី​ដែរ​ គឺ​គណនី​ប្រាក់​រៀល​ និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​គោលបំណង​ គឺ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ​។

លោ​កថា ​បើសិនជា​អតិថិជន​ដាក់​ប្រាក់​បញ្ញើរ​ជា​ប្រាក់​រៀល​នៅ​ធនាគារ ​គាត់​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ហើយ​នេះ​គឺជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​ប្រាក់​រៀល ​។ ​លើស​ពី​នេះ​អេ​ស៊ី​លី​ដា ​បាន​បំពាក់​ម៉ាស៊ីន​ ATM ​នៅ​គ្រប់​ខេត្ត​ក្រុង​ជាង​ ១០០០ ​គ្រឿង ដើម្បី​ឱ្យ​អតិថិជន​ងាយស្រួល​ក្នុង​ការ​ដាក់​លុយ​រៀល ​។

លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា បាន​និយាយ​ថា ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ជា​ពិសេស​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ មក បន្ទាប់​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​លំនឹង​ល្អ​ប្រសើរ ​។ ការ​អនុវត្ត​គោលនយោបាយ​ទាំងនេះ គួប​ផ្សំ​នឹង​ការ​ចូលរួម​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទំហំ​ប្រាក់​រៀល​ក្នុង​ចរាចរណ៍​បាន​កើន​ឡើងជា​លំដាប់ ខណៈ​ដែល​តម្លៃ​ប្រាក់​រៀល​មាន​ស្ថិរ​ភាពល្អ​ប្រសើរ ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​តម្រូវការ​របស់​ប្រាក់​រៀល​នៅ​ក្នុង​ការ​ប្រើប្រាស់ ​។

លោក​ថា ទម្លាប់​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ក៏​បាន​ចាក់​ជ្រៅ​ទៅ​ក្នុង​សេដ្ឋកិច្ច​ និង​សង្គម ជា​ពិសេសផ្នត់គំនិត​របស់​ប្រជាជន​ផង​ដែរ ដែល​បញ្ហា​នេះ​នឹង​បន្ត​ទាមទារ​ឱ្យ​មានការ​ចូលរួម​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ក្រសួង​ស្ថាប័ន​សាធារណៈ​និង​ឯកជន ក្រុមហ៊ុន សហគ្រាស និង​ប្រជាពលរដ្ឋ​ទូទៅ​ ។

លោកស្រី ជា​ សិរី អគ្គនាយក​បញ្ចេ​ក​ទេស​នៃ​ធនាគារជាតិ​ជាតិ​នៃកម្ពុជា ​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​កើនឡើង​វា​បង្ហាញ​ពី​មោទនភាព​ជាតិ កាលណា​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ច្រើន​ធ្វើ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ មាន​លទ្ធភាព​ធ្វើ​គោលនយោបាយ​រូបី​យ​វត្ថុ​កាន់តែ​ច្រើន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ