ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រម​ប្រតិបត្តិ​វិស័យ​ធនាគារ ប្រកាស​ឱ្យប្រើ​ដើម្បី​ទប់ស្កាត់​បំណុល​វណ្ឌ​ ក ​របស់​ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយ​ក្តី​រំពឹង​ថា ​នឹង​ចូលរួម​ទប់ស្កាត់​បំណុល​លើសលុប ឬ​កាត់​បន្ថយ​ការ​ជាប់បំណុល​វណ្ឌ​ ​ក ​របស់​ពលរដ្ឋ​កម្ពុជា និង​ការពារ​អតិថិជន​ដែល​ងាយ​រង​គ្រោះ ​«​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​»…

រាជធានីភ្នំពេញ ៖ ជាមួយ​ក្តី​រំពឹង​ថា ​នឹង​ចូលរួម​ទប់ស្កាត់​បំណុល​លើសលុប ឬ​កាត់​បន្ថយ​ការ​ជាប់បំណុល​វណ្ឌ​ ​ក ​របស់​ពលរដ្ឋ​កម្ពុជា និង​ការពារ​អតិថិជន​ដែល​ងាយ​រង​គ្រោះ ​«​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​» បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ សមាគម​ធនាគារ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤ ខែមីនា ឆ្នាំ ២០២២​ នេះ​ ។

លោក​បណ្ឌិត អ៉ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នេះ​គឺ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៦-២០២៥ និង យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ឆ្នាំ ​២០១៩-២០២៥ ក្នុង​គោលបំណង​ចូលរួម លើកកម្ពស់​សិទ្ធិ និង​ការ​បង្កើន​កិច្ច​ការពារ​អតិថិជន ព្រមទាំង​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និងបរិ​យា​បន្ន​ ។

លោក​បណ្ឌិត​បន្ត​ថា ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នេះ ក៏​នឹង​ចូលរួម​ទប់ស្កាត់​បំណុល​លើសលុប និង​ការពារ​អតិថិជន​ដែល​ងាយ​រង​គ្រោះ​ផង​ដែរ ។ បន្ថែម​ពីលើ​នេះ ក្រម​នេះ​នឹង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជា​ពិសេស​ធនាគារជាតិនៃ​កម្ពុជា ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​មាន​ស្ថិរភាព ប្រសិទ្ធភាព និង​ពិពិធ​កម្ម​ទីផ្សារ (Market Diversification) ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​បន្ន ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ ការ​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​គាំទ្រ​ដល់​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច បង្កើន​ប្រាក់ ចំណូល​ដល់​ប្រជាជន និង កាត់​បន្ថយ​ភាព​ក្រីក្រ ។

គោលបំណង​នៃ​ការ​បង្កើត ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នេះ​ឡើង គឺ​ស្រប​ទៅ​នឹង​ការ​រួមចំណែក​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​មាន​ភាពរឹងមាំ បរិ​យា​បន្ន ផ្ដោត​លើ​តម្រូវការ​អ្នក​ប្រើប្រាស់ និង​ទំនុកចិត្ត កំណត់​បទដ្ឋាន សីលធម៌​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​ប្រកបដោយ ទំនួល​ខុស​ត្រូវ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរា ជាណាចក្រ​កម្ពុជា ​។

លោក សុខ វឿ​ន ប្រធាន​ក្រុមប្រឹក្សា​អភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​ថ្លែង​ថា ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នេះ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ថេរៈវេលា​មួយ​សម​ស្រប ដើម្បី​ធានា​បាន​នូវ​និរន្ត​ភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា តាម​រយៈ​ការ​បង្កើន​នូវ​ការ​អនុវត្ត​ប្រកប​ទៅ​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុង​ការ​បម្រើ​និង​ផ្តល់​សេវា​ជូន ដល់​អតិថិជន​ប្រកប​ទៅ​ដោយ​ការ​ការពារ ​។

លោក​បាន​ឱ្យដឹង​ថា វា​មិនមែន​ជា​ការ​ចៃដន្យ​ឡើយ​ក្នុង​ការ​បង្កើត​នូវ ក្រុម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ នេះ ព្រោះ​ការ​បង្កើត​ក្រុម​នេះ​ឡើង​ដោយ​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ និង​ដោយ​មានការ​គិតគូរ​ប្រុងប្រៀប ទុកជា​មុន និង​សម​ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ឆ្នាំ​ ២០១៩-២០២៥​ ។

ជា​រួម​ក្រម​ប្រតិបត្តិ​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ បង្កើត​ឡើង​ដោយ​មាន​គោលបំណង​ធំ​ៗ​ចំនួន​ ៥ ​គឺ ១. ដើម្បី​កំណត់​បទដ្ឋាន​ប្រតិបត្តិការ​អាជីវកម្ម​សម្រាប់​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អនុវត្ត តាម​ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យ​ភាព និង​ទំនួល​ខុស​ត្រូវ​ក្នុង ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ២. ដើម្បី​បង្កើន​តម្លាភាព​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ប្រសើរនូវ​អ្វី​ដែលពួក​គេ​រំពឹង​ទុក​ពី​សេវា​ដែល​នឹង​ត្រូវ​បាន​ផ្ដល់​ជូន ៣. ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​ប្រកបដោយ​ភាព​ស្មោះត្រង់ និង​មាន​វិជ្ជាជីវៈ​រវាង​អ្នក​បើប្រាស់ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដោយ​ផ្អែក​លើ​គោលការណ៍​សមធម៌ និង​សមភាព ៤. ដើម្បី​បង្កើន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ ៥). ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​វប្បធម៌​ល្អ​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ការ​ប្រកួតប្រជែង​ប្រកបដោយ ភាព​ស្មោះត្រង់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ