រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ កុម្ភៈ ២០២២នេះ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ។
ក្នុងសេចក្ដីជូនដំណឹង បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលសេចក្តីជូនដំណឹងរបស់តំណាងអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អំពីការធ្វើកូដកម្មដើម្បីដោះស្រាយវិវាទការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញម្ចាស់សំណើមកពិភាក្សា ដោយបានគូសបញ្ជាក់ថាសុំឱ្យគាត់ធ្វើកូដកម្ម ស្របតាមច្បាប់ស្តីពីការងារ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាធារណៈឡើយ ព្រោះថា ការប្រើប្រាស់ទីតាំងសាធារណៈដើម្បីធ្វើជាទីកន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្ដុំនៅលើសួនច្បារសាធារណៈ ផ្ទុយពីការឯកភាពគ្នាជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់វិធានការអប់រំ ដល់ក្រុមបាតុករកុំឱ្យបន្តសកម្មភាពខុសច្បាប់ និងអនុវត្តតាមយន្តការដោះស្រាយវិវាទការងារ ស្របតាមច្បាប់ជាធរមាន ដោយពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំសម្របសម្រួលគ្រប់លទ្ធភាព ដោយបានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញភាគីពាក់ព័ន្ធទៅដោះស្រាយ ស្របតាមយន្តការច្បាប់ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមបាតុករ នៅតែបន្តធ្វើសកម្មភាពខុសច្បាប់ ផ្ទុយពីគោលបំណង នៃការជូនដំណឹង ស្តីពីការធ្វើកូដកម្ម ដើម្បីដោះស្រាយវិវាទការងារ ជាច្រើនលើកច្រើនសារ រហូតដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ។
ទោះយ៉ាងនេះក្តី ក្រុមបាតុករបានបន្តធ្វើបាតុកម្មខុសច្បាប់អស់រយៈពេល ៤៩ ថ្ងៃ រហូតរកឃើញករណីវិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោមក្រុមបាតុករ ហើយក្រសួងសុខាភិបាលបានធ្វើការណែនាំឱ្យក្រុមបាតុករទៅយកសំណាកនៅទីតាំងដែលបានកំណត់ ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ ថ្ងៃ ប៉ុន្តែតំណាងក្រុមបាតុករបានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំវិញ ហើយនៅពេលក្រុមគ្រូពេទ្យ មកដល់ក្រុមបាតុករនៅតែរឹងរូស មានះ មិនព្រមសហការឱ្យយកសំណាកទៀត ទោះជាក្រុមគ្រូពេទ្យអង្វរករយ៉ាងណាក៏ដោយ ហើយចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានរកឃើញករណ៍វិជ្ជមានកូវីដ-១៩ ជាច្រើននាក់ ក្នុងក្រុមបាតុករបន្ថែមទៀត នៅទីតាំងយកសំណាក ស្ថិតនៅកោះពេជ្រ។ ក្នុងរយៈពេលនៃការធ្វើបាតុកម្មខុសច្បាប់ សកម្មភាពនេះបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះចរាចរ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម ប្រកបការងារប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ធ្វើបាតុកម្មខុសច្បាប់ រហូតដល់មានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការដើម្បីធានានូវប្រក្រតីភាពនៃជីវភាព និងការរស់នៅប្រចាំថ្ងៃឡើងវិញ។
ក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានសុខាភិបាល ដែលធានាថាលែងមានអ្នកវិជ្ជមានកូវីដ-១៩ ហើយចង់ប្រមូលផ្ដុំតវ៉ា ត្រូវធ្វើនៅកន្លែងបញ្ចេញមតិជាសាធារណៈ (ទីលានប្រជាធិបតេយ្យ) ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដោយត្រូវបំពេញនីតិវិធីតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្នុងជំពូកទី២ មាត្រា ៥ ដែលបានបញ្ញត្តថា « ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ»។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតដាច់ខាតឱ្យមានការប្រមូលផ្ដុំ ធ្វើសកម្មភាពបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ ក្នុងករណ៏រឹងរូសបន្តសកម្មភាពខុសច្បាប់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែង៕
ចែករំលែកព័តមាននេះ