រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសំណង់លំនៅឋានត្រូវគេមើលឃើញថា មានការអភិវឌ្ឍបន្តបន្ទាប់ ។ អភិវឌ្ឍន៍ទំាងម៉ូដផ្ទះ លើកកម្ពស់សោភ័ណភាពក្នុងបុរី មានសួនច្បារ ហេដ្ឋាចរនាសម្ព័ន្ធនានា ដើម្បីការរស់នៅក្នុងបុរីកាន់តែងាយស្រួល ដូចជាមានទីធ្លាហាត់កីឡា និងក្មេងៗលេងជាដើម ។ ការប្រជែងម៉ូដផ្ទះថ្មី ប្លែក ប្រកបដោយសោភ័ណភាព បរិស្ថានេះ ជាការទាក់ទាញអតិថជន និងដើម្បីឆ្លើយតបការរីកចម្រើនជីវភាពពលរដ្ឋអ្នករស់នៅតាមបុរីផងដែរ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋកម្ពុជាកាន់តែមានកំណើននៃប្រាក់ចំណូល ហើយការរស់របស់ពួកគាត់ក៏កាន់តែមានភាពទំនើបទៅតាមបរិបទនៃសម័យថ្មី ។ ដូច្នេះអ្នកអភិវឌ្ឍន៍លំនៅ ឋានក៏បានផ្លាស់ប្តូរ និងកែប្រែនូវសំណង់របស់ខ្លួនទៅរកភាពទំនើបកម្មដែរ ។ លោកបន្តថា សង្កេតឃើញថា លំនៅឋានក្នុងទីតាំងតែមួយតម្លៃដូចគ្នា គ្រាន់តែគម្រោងមួយបានផ្លាស់ប្តូរម៉ូដផ្ទះ ធ្វើឱ្យអតិថិជនទៅទិញផ្ទះនៅក្នុងគម្រោងយ៉ាងច្រើន ។ គម្រោងដែលមានម៉ូដផ្ទះចាស់ដដែលៗមិនសូវមានការចាប់អារម្មណ៍ពីអ្នកទិញនោះទេ ។
«មួយរយៈចុងក្រោយនេះខ្ញុំដឹងថា ម្ចាស់អភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជា បានជួលស្ថាបត្យករល្បីៗ និងចំណាយប្រាក់យ៉ាងច្រើន ដើម្បីបានម៉ូដផ្ទះបែបទាន់សម័យ ជាការទាក់ទាញ អ្នកទិញ» លោក ប៉ូ អ៊ាវគង់ បញ្ជាក់ ។
កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងដែរថា អ្នកអភិវឌ្ឍន៍ដែលមានការច្នៃប្រឌិតថ្មីសម្រាប់លំនៅឋាន នៅតែទទួលបានការគាំទ្រពីអ្នកទិញដូច្នេះហើយក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានប្រជែងគ្នាក្នុងការរចនាម៉ូដផ្ទះដើម្បីលក់ជូនអតិថិជន ។
លោក ឡុង គឹមសួគ៌ អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានឱ្យដឹងផងដែរថា តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា ក្នុងបរិបទ កូវីដ ១៩ ឃើញថា នៅតែមាន ប៉ុន្តែបើធៀបនឹងមុនពេលមានវិបត្តិមានការថមថយ ។ លោកថា អ្នកអភិវឌ្ឍន៍បានបន្ថយបរិមាណផ្ទះរបស់ខ្លួនផងដែរ តែមានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនក៏មិនបានបញ្ឈប់សកម្មភាពសាងសង់នោះឡើយ ។ ក្រៅពីលោកបានសង្កេតឃើញថា លក្ខខណ្ឌបង់រំលស់ និងការផ្តល់កម្ចីក៏បានបន្ធូរបន្ថយដែរ នៅក្នុងពេលវិបត្តិកូវីដ ១៩ ដើម្បីទាក់ទាញអ្នកទិញ ៕
ចែករំលែកព័តមាននេះ