រាជធានីភ្នំពេញ ៖ សេដ្ឋីពីររូបបានចាប់ដៃគ្នាកសាងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៤ កាត់តាមចម្ការដូងប្រេង ទៅកាន់ភ្នំបូកគោ តែម្តង ។ សេដ្ឋីទាំងពីររូបនោះមាន អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាម្ចាស់ចម្ការដូងប្រេងនៅលើផ្លូវជាតិលេខ ៤ និងអ្នកឧកញ៉ា សុខ គង់ ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍន៍ភ្នំបូកគោ ។
ផ្លូវមួយខ្សែនេះមានប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីរផ្លូវជាតិលេខ ៤ PK158+200 ឆ្លងកាត់តាមចម្ការដូងប្រេងឆ្ពោះទៅកាន់ភ្នំបូកគោ នឹងអាចលេចរូបរាងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី មានប្រសាសន៍ឱ្យដឹងថា គម្រោងស្ថាបនាផ្លូវនេះ លោកគឺជាអ្នកសម្បទានដីសម្រាប់គម្រោងសាង់សង់ផ្លូវ ហើយអ្នកឧញ៉ា សុខ គង់ គឺជាអ្នកចំណាយលុយក្នុងការសាងសង់ផ្លូវនេះ ។ ការសាងសង់ផ្លូវមួយខ្សែថ្មីនេះ ត្រូវគេមើលឃើញថា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការធ្វើដំណើររបស់ពលរដ្ឋទាំងវិស័យជំនួញ និងទេសចរណ៍ ។
លោក កែវ សុជាតិ ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត ឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះនឹងជំរុញសក្ដានុពលអភិវឌ្ឍន៍ខេត្តនេះកាន់តែខ្លាំងបន្ថែមទៀត ។ អ្វីដែលពិសេសនោះ នឹងជំរុញតម្លៃដីធ្លីនៅក្នុងខេត្តកំពតឱ្យមានតម្លៃខ្ពស់មួយកម្រិតទៀតផងដែរ ។ លោកថា នៅពេលផ្លូវនេះសាងសង់ហើយ នឹងធ្វើឱ្យតម្រូវការដីធ្លីកើនឡើង ពិសេសសម្រាប់ធ្វើ រីសត សណ្ឋាគារ រមណីយដ្ឋាន ផ្ទះសំណាក់ លំនៅឋានលម្ហែជាដើម ពីព្រោះថា ផ្លូវនេះនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តកំពតកាន់តែច្រើន ដោយសារមានផ្លូវធ្វើដំណើរចេញចូលគ្រប់ទិស ដូចជាពីភ្នំពេញ ពីទីរួមខេត្តកំពង់ស្ពឺ ពីខេត្តកោះកុង ក៍បាន ៕
ចែករំលែកព័តមាននេះ