រាជធានីភ្នំពេញ ៖ វិស័យបច្ចេកវិទ្យាឌីជីថល បានកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចសង្គម នៅក្នុងនោះការការទូទាត់ឌីជីថល បានកំពុងរីកចម្រើនគួរឱ្យចាប់អារម្មណ៍ផងដែរ ។ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងក្នុងវេទិកាសេដ្ឋកិច្ចឌីជីថល កាលពីពេលកន្លងទៅថា បច្ចុប្បន្ននេះការចាយវាយដោយមិនប្រើសាច់ប្រាក់បាននិងកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងពេលដែលមនុស្សមិនហ៊ានជួបគ្នាផ្ទាល់ ដោយសារតែជំងឺឆ្លងកូវីដ១៩ ។ លោកថា ឆ្នាំបន្តបន្ទាប់ទៀតកំណើនអ្នកប្រើប្រាស់ឌីជីថលក៏កាន់តែមានកំណើនខ្លាំងឡើងៗស្របពេលវិស័យបច្ចេកវិទ្យាក៏កាន់តែមានកំណើន ។
លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់នៃធនាគារជាតិកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងកំពុងវិវត្តទៅរកការទូទាត់ឌីជីថលដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវា និងឧបករណ៍ទូទាត់ថ្មីៗ ។ ក្នុងឆ្នាំ ២០២១ ការទូទាត់អេឡិចត្រូនិកបានកើនឡើងធៀបនឹងឆ្នាំ ២០២០ ដោយប្រតិបត្តិការទូទាត់អេឡិចត្រូនិកមានចំនួន ៦៩៨,៨ លានប្រតិបត្តិការ (គិតជាទឹកប្រាក់ ១៩៩,៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧៨៧% នៃផលិតផលសរុប) ។
លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅលើការផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យសេដ្ឋកិច្ចសង្គម តាមរយៈការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាលើភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពឆ្ពោះទៅរកការកសាងសង្គមស៊ីវិល័យមួយ ដែលបង្កើតឡើងនៅលើពលរដ្ឋឌីជីថល ដែលទទួលយកសេវាឌីជីថលដោយការដាក់បញ្ចូល ទំនុកចិត្ត សុវត្ថិភាព និងនៅតែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ ។
លោកបន្តថា តួនាទីនៃបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ អាជីវកម្ម និងវិស័យផ្សេងទៀតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ។ លើសពីនេះ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានបញ្ជាក់អំពីសារៈសំខាន់នៃបច្ចេកវិទ្យាអេឡិចត្រូនិក ។ ម្យ៉ាងវិញទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងការទទួលយកនូវការទូទាត់ប្រាក់តាមប្រព័ន្ធ Fin-Tech និងឌីជីថល ។
តាមរបាយការណ៍របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់អ៉ីនធើណេតនៅកម្ពុជាមានរហូតដល់ ១២ លាននាក់ ហើយអ្នកប្រើប្រាស់ទូរសព្ទចល័តមានជាង ២០ លានលេខ ក្នុងប្រជាពលរដ្ឋកម្ពុជាសរុបមានតែជាង ១៦ លាននាក់ ដែលមានន័យថា មនុស្សម្នាក់អាចមានទូរស័ព្ទកាន់ពី ២ ទៅ ៣ គ្រឿង ៕
ចែករំលែកព័តមាននេះ