មីយ៉ាន់ម៉ា ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញដល់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយនាំទៅជាមួយនូវជំនួយជាសម្ភារៈមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ផងដែរ ។
តាមរយៈការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា បានអញ្ជើញដល់ព្រលានយន្តហោះទីក្រុងណៃពិដោ នូវវេលាម៉ោងប្រមាណ ១០ និង ២០ នាទី (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើពិធីប្រគល់និងទទួលនូវជំនួយរបស់ប្រទេសកម្ពុជា សម្រាប់ប្រទេសមីយ៉ាន់ម៉ា ផងដែរ ។
សម្រាប់ជំនួយរបស់ប្រទេសកម្ពុជានាពេលនេះ គឺជាជំនួយលើកទី ៣ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមាន៖ សំលៀកបំពាក់ការពារសុវត្ថិភាព ៣ម៉ឺន, ម៉ាស ៣លាន, ម៉ាស N95 ចំនួន២សែន, វែនតាការពារ ១សែន, របាំងការពារមុខ ៣ម៉ឺន, ស្បែកជើងវែង ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ៥០គ្រឿង។
ពិធីប្រគល់ទទួលត្រូវបានធ្វើឡើងដោយវត្តមានរបស់សម្តេចតេជោ ជាមួយនិងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា Wunna Maung Lwin
សូមបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៧-៨ ខែមករា របស់សម្តេចតេជោ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមដោះស្រាយបញ្ហាមួយចំនួន ពិសេសអំពើហិង្សា ដែលកំពុងកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា ។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ដំណើរទៅដល់របស់សម្តេចដើម្បីជួបថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ ២០២២ នេះ គឺសម្តេចនឹងធ្វើឡើងដោយស្របតាមកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន កាលជួបប្រជុំនៅទីក្រុងហ្សាកាតា កាលពី ខែមេសា ឆ្នាំ២០២១ កន្លងទៅ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់កាលពីថ្ងៃទី ៥ ខែមករា ថា ការដែលសម្តេចទៅមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហា គឺរក្សាភាពអត់ធ្ងត់ មិនត្រូវប្រើហិ.ង្សា ដើម្បីកុំឲ្យមានអ្នកស្លា.ប់ ទោះបីជាបន្ថែមម៉ោងក្នុងការចរចាលើពីគម្រោងត្រឡប់វិញរហូតដល់ថ្ងៃ១០ មករាក្តី ។
សម្តេចថា ប្រទេសកម្ពុជាតូចជាងប្រទេសមីយ៉ាន់ម៉ា ដូច្នេះអ្វីដែលកម្ពុជាចង់បាន គឺគ្រាន់តែមិនចង់ឃើញការប្រើហិ.ង្សាសម្លា.ប់ប្រជាពលរដ្ឋស្លូតត្រង់នោះទេ ។ សម្តេចក៏បានដាក់សំណួរថា តើប្រជាពលរដ្ឋចង់ឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលឬ យ៉ាងណា ? សម្តេចថាកុំទុកចិត្តលើកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះ ហើយក៏កុំអាលបន្ទោស អ្វីព្រោះថា មិនទាន់ដឹងនោះទេ ។
សម្តេចថា ៖អាលូវនេះកុំអាលយកការសន្និដ្ឋានឆាប់ពេក ហើយបងប្អូនមួយចំនួនខ្ញុំយល់អ្នកដែលចង់ដុតកំឡោចឲ្យមីយ៉ាន់ម៉ាផ្ទុះសង្គ្រាមស៊ីវិលនោះចេះតែមានហើយ ដោយខ្លះធ្វើបាតុកម្ម ដុតរូបថតខ្ញុំ ដុតទងជាតិ…តើប៉ុន្មានដែលតំណាងឲ្យប្រជាជនមីយ៉ាន់ម៉ា ខ្ញុំក៏យល់ក៏ប៉ុន្តែបើមានសន្តិភាព និងវិលត្រឡប់ដំណើរការប្រជាធិបតេយ្យ អ្នកនឹងទទួលប្រយោជន៍ពីការខិតខំរបស់បណ្តារដ្ឋដែលជាសមាជិកអាស៊ានជួយសម្រួល ៕
ចែករំលែកព័តមាននេះ