ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុកលូដាក់ក្បែរផ្លូវដែលជាសញ្ញាបន្ថយល្បឿន បណ្តាលឱ្យរងរបួសធ្ងន់ ហើយកត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក លុះពេលគ្រូពេទ្យលាងរបួសនោះ ស្រាប់តែប្រទះឃើញគ្រឿន.ញៀនលាក់ទុកក្នុងខ្លួនចំនួន០៧កញ្ចប់តែម្តង ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខខ្លោងទ្វារផ្លូវចូលវត្តហេមវន្តបឹងត្រកួន ផ្លូវជាតិលេខ២៥៦៣ ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គឺមានគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯង ហើយជនរងគ្រោះមានឈ្មោះ គៀត ប៊ុត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (មិនមែនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ) ដោយបានមកស្នាក់នៅក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លិច ពណ៌ស ស៊េរីឆ្នាំ២០១១ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតបុកលូដាក់លើផ្លូវ ដែលមានសញ្ញាបន្ថយល្បឿន បណ្ដាលឱ្យរងរបួសបែកមុខខាងឆ្វេង និងម៉ូតូត្រូវខូចមួយកំណាត់មុខ។
សមត្ថកិច្ចបន្តថា បន្ទាប់មក ជនរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលគោករមៀត ដឹកយកទៅមណ្ឌលសុខភាពបឹងត្រកួន ក្រោយមកគ្រូពេទ្យបានដោះអាវ ដើម្បីពិនិត្យលើខ្លួនជនរងគ្រោះ ស្រាប់តែប្រទះឃើញថ្នាំ.ញៀនគ្រាប់ ដែលមានអក្សរ WY ចំនួន០៧កញ្ចប់ស្មើនឹង៦៦គ្រាប់ និងម្ស៉ៅក្រាមស.ថ្លា ០១កញ្ចប់ទៀត ដែលដាក់ក្នុងកាបូបពណ៌ខ្មៅ ដោយជនរូបនេះបានទិញយកមកពីក្រុងប៉ោយប៉ែត។
ក្រោយពីសួរចម្លើយរួច នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ