រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នករត់ម៉ូតូកង់បីម្នាក់ ខឹងជាមួយនឹងអ្នករត់ម៉ូតូកង់បីម្នាក់ទៀតដែលមករត់នៅកន្លែងចំណតខ្លួន ហើយនិយាយហាមមិនស្តាប់ ក៏យកដងដូយកង់បី វាយបណ្តាលឲ្យរងរបួសបែកក្បាលឈា.មស្រោចមុខ ចំណែកភាគីជនរងគ្រោះវិញខឹងក៏បានវាយត.ដៃវិញ បណ្តាលឲ្យជនបង្ករងរបួសបែកក្បាលដូចគ្នា បង្កឱ្យមាបការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនភាគីទាំងពីរភ្លាមៗ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវ១៣៤ កែងផ្លូវ១៣៩ ក្បែរខុនដូស្កាយឡាយស៍ B ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បុរសជនបង្កដែលកាងចំណតបេននៅកន្លែងកើតហេតុខាងលើនេះ ត្រូវបានគេស្គាល់ថា មានឈ្មោះ ប៊ុន ធឿន អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិ១០ ផ្លូវប្រឡាយទឹកស្អុយ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបររត់ម៉ូតូកង់បី។ ចំណែកជនរងគ្រោះមានឈ្មោះ សាំង កំសាន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ៣ ខណ្ឌទួលគោក មុខរបររត់ម៉ូតូកង់បី ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅកន្លែងកើតហេតុនោះ គឺជាកន្លែងសាធារណៈ មិនមែនជាកន្លែងកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ។ ប៉ុន្តែមានបុរសជាជនបង្កឈ្មោះ ប៊ុន ធឿន អាងខ្លួនមានសមាគម បានកាងដាច់យកទីនោះធ្វើជាចំណតខ្លួនឯង និងតែងតែឈ្លោះរករឿងអ្នករត់កង់បីផ្សេងទៀតសឹងតែគ្រប់គ្នា។
ប្រជាពលករដ្ឋបន្តថា ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សាំង កំសាន បានទៅឈប់ម៉ូតូកង់បីនៅក្បែរកន្លែងកើតហេតុនោះ ចំណែកជនបង្កឈ្មោះ ប៊ុន ធឿន បានចូលទៅសួរនាំ (តែមិនដឹងរឿងអ្វីទេ) លុះបានមួយភ្លែត បុរសឈ្មោះ ប៊ុន ធឿន បានដើរត្រឡប់មកកង់បីខ្លួនវិញ រួចទាញយកដងដូយកង់បី រួចដើរទៅវាយបុរសឈ្មោះ សាំង កំសាន បណ្តាលឲ្យរបួសបែកក្បាលឈា.មស្រោចមុខតែម្តង ភ្លាមៗនោះបុរសឈ្មោះ សាំង កំសាន ក៏បានវាយត.ដៃវិញ បណ្តាលឲ្យជនបង្កឈ្មោះ ប៊ុន ធឿន របួសបែកក្បាលវិញដែរ ហើយក៏ត្រូវបានអ្នករត់ម៉ូតូកង់បីផ្សេងទៀតចូលទៅជួយឃាត់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ ឃាត់ភាគីទាំងពីរយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលវាលវង់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានធ្វើការដកហូតម៉ូតូកង់បីទាំងពីរគ្រឿងទុកបណ្តោះអាសន្ន និងបានអោយភាគីទាំងពីរទៅព្យាបាលរបួសសិន ដើម្បីរង់ចាំស្អែកព្រឹកមកដោះស្រាយគ្នាម្តងទៀត ។
ចែករំលែកព័តមាននេះ