ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មានការបែកធ្លាយនូវរឿងអាស្រូវមួយចេញពីពន្ធនាគារខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:លោកប្រធានពន្ធនាគារនេះ មកពីខេត្តបាត់ដំបងទើបឡើងកាន់តំណែងមិនទាន់បាន១ឆ្នាំនៅឡើយផងនោះ ដោយគេឃើញក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានគណនេយ្យឈ្មោះ «ស្អែកស្លា.ប់ស្អែកស្លា.ប់ ស្រលាញ់យុត្តិធម៌ និង Support page_345» បានបង្ហោះចែកចាយដោយលើក ឡើងថា ៖ សូមឱ្យសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ រឿងប្រធានពន្ធនាគារខេត្តប៉ៃលិន មានឈ្មោះ រ័ត្ន ទី និងអនុប្រធានពន្ធនាគារ ហេង ចាន់ដារ៉ា បានឃុបឃិតគ្នាលក់ថ្នាំញៀន និងទូរស័ព្ទពេញគុក។
ប្រភពដដែលបន្តទៀតថា នៅពន្ធនាគារខេត្តប៉ៃលិន មានអ្នកទោសស្លា.ប់២នាក់ទៀតផងដោយមិនដឹងមូលហេតុ។ ចំណែកកូនស្រីប្រធានពន្ធនាគារនេះ បាននាំមន្ត្រីផឹកស្រានៅក្នុងម៉ោងធ្វើការងារទៀតផង។ ដូច្នេះ សូមដកប្រធានគុកខេត្តប៉ៃលិន និងដកអនុប្រធានគុកខេត្តនេះចេញទៅ កុំទុកឱ្យនៅទៀតអី។ ចំណែកគណនេយ្យហ្វេសប៊ុកមួយផ្សេងទៀត បានលើកឡើងថា អាងតែឪពុកជាប្រធានពន្ធនាគារ នាំគ្នាផឹកស៊ីនៅក្នុងបន្ទប់ធ្វើការឪពុកលោក រ័ត្ន ទី ប្រធានពន្ធនាគារ និងលោកហេង ចាន់ដារ៉ា អនុប្រធានពន្ធនាគារ កំពុងតែល្បីខ្លាំងណាស់។
បើតាមលោក ឯល ប៉ែត អតីតមន្ត្រីពន្ធនាគារខេត្តប៉ៃលិន រស់នៅក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបង្ហើបឱ្យដឹងដែរថា ៖ លោកត្រូវបានគេចាប់ដាក់គុកកាលពីប៉ុន្មានឆ្នាំមុន ហើយក្រោយមកត្រូវបានគេដកតំណែង ក្លាយជាប្រជាពលរដ្ឋសាមញ្ញ ដោយសារសង្ស័យលោក ហេង ចាន់ដារ៉ា ជាអ្នកដាក់ថ្នាំញៀននៅនឹងអ៊ែរម៉ូតូធ្វើការរបស់ខ្លួន ទើបពេលឆែកឆេរ សូម្បីតែលោកព្រះរាជអាជ្ញា និងនគរបាលផ្សេងៗទៀត គេរកមិនឃើញ លុះលោក ហេង ចាន់ដារ៉ា លូកថ្នាំញៀនទាញចេញពីអ៊ែរម៉ូតូ ទើបគេចោទលោកពីបទជួញដូរគ្រឿងញៀនតែម្តង ដូច្នេះមានតែលោក ហេង ចាន់ដារ៉ានេះឯង ជាអ្នកធ្វើបាបលោកឱ្យអស់តួនាទីការងារក្លាយជាវេទនាបែបនេះ ។ លោកបន្តទៀតថា ពិតជាអយុត្តិធម៌សម្រាប់លោកខ្លាំងណាស់ ដែលបច្ចុប្បន្ននេះ គ្មានអ្វីធ្វើក្រៅពីកម្មករគេ ដើរស៊ីឈ្នួលដកដំឡូងមី បេះផ្លែ ស្វាយឱ្យគេ ដើម្បីរកថវិកាផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារនោះទេ ខណ:ដែលលោកគឺជាមនុស្សស្មោះត្រង់ មិនហ៊ានប្រព្រឹត្តអាក្រក់អ្វីសូម្បីតែបន្តិច តែចុងក្រោយទទួលរងភាពឈឺចាប់បែបនេះទៅវិញ ។
ចំណែកប្រជាពលរដ្ឋដែលមានបងប្អូន កូនចៅ ជាប់ពន្ធនាគារខេត្តប៉ៃលិនមួយចំនួន បាននិយា យបង្ហើបទាំងការភ័យព្រួយឱ្យភ្នាក់ងារយើងដឹងថា ៖ កូនរបស់គាត់ញៀនថ្នាំ ហើយក៏ប្តឹងឱ្យនគរបាលចាប់យកទៅដាក់ពន្ធនាគារ ដើម្បីបន្សាបថ្នាំញៀន ប៉ុន្តែថ្មីៗនេះ កូនរបស់គាត់បានត្អូញត្អែរ ប្រាប់ថា មានអ្នកទោសដូចគ្នា បានវាយដំទាត់ធាក់ទៅលើរាងកាយរបស់ខ្លួន បណ្តាលឱ្យឈឺចុកចាប់ ហើយថែម ទាំងមានការគំរាមកំហែងទៀតផង។ ទោះបីជាយ៉ាងណា គាត់មិនហ៊ាននិយាយអ្វីនោះទេ ព្រោះខ្លាចក្រែងគេធ្វើបាបកូនរបស់ខ្លួនកាន់តែខ្លាំងឡើង អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោក រ័ត្ន ទី ប្រធានពន្ធនាគារខេត្តប៉ៃលិនដែលទើបនឹងឡើងកាន់តំណែងថ្មីៗជាច្រើនលើកច្រើនសារ តែអត់មានអ្នកទទួល ខណ:ភ្នាក់ងារយើងក៏មិនអាចទាក់ទងទៅលោក ហេង ចាន់ដារ៉ា អនុប្រធានពន្ធនាគារខាងលើបានដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ