ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា មកដល់ពេលនេះ ប្រទេស​កម្ពុជា​យើង បាន​ឆ្លង​ផុត​សប្តាហ៍​ទី​១ ដោយ​មិនមាន​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​សហគមន៍​ទ្រង់ទ្រាយ​ធំ​នោះទេ ក្រោយ​​បើក​ប្រទេស ដំណើរការ​គ្រប់​វិស័យ​ឡើងវិញ​។…

ភ្នំពេញ​៖ គិត​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា មកដល់ពេលនេះ ប្រទេស​កម្ពុជា​យើង បាន​ឆ្លង​ផុត​សប្តាហ៍​ទី​១ ដោយ​មិនមាន​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​សហគមន៍​ទ្រង់ទ្រាយ​ធំ​នោះទេ ក្រោយ​​បើក​ប្រទេស ដំណើរការ​គ្រប់​វិស័យ​ឡើងវិញ​។ ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លងច្រើន​ ឬ​មិន​មាន គឺ​អាស្រ័យ​មួយផ្នែកធំ លើ​ស្ថានភាព​ប្រទេស​នានា លើ​ពិភពលោក​។​

​ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា សាលារៀន បាន​បើក​ដំណើរការ​ឡើងវិញ លើ​គ្រប់​កម្រិត​។ ចំណែក​ក្រសួង​ស្ថាប័ន​នានា ក៏បាន​ចូល​ធ្វើការ​ដោយផ្ទាល់​ឡើងវិញ​។ ក្នុងនោះ សេវា​ដឹកជញ្ជូន​សាធារណៈ ឡានក្រុង និង​កាណូត​ដឹក​អ្នកដំណើរ នៅ​ភ្នំពេញ ក៏បាន​បើក​ដំណើរការ ក្រោយ​ផ្អាក​ជាច្រើន​ខែ​។ តំបន់​ទេសចរណ៍ ភោជនីយដ្ឋាន ហាង​ផឹកស៊ី និង​សកម្មភាព​កីឡា ក៏បាន​បើក​ដំណើរ​ការ​​ព្រោងព្រាតឡើងវិញ លើកលែងតែ​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​ថេ​ក នៅ​រាជធានី​ភ្នំពេញ ដែល​មិនទាន់​អនុញ្ញាត​​ឲ្យ​​បើក​​ដំណើរ​ការ​។​

​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចាប់ផ្តើម​ចូលរួម​កម្មវិធី​ជា​សាធារណៈ​ឡើងវិញ តាមរយៈ​ការបើក​សម្ពោធ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​កម្មវិធី​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ រួមទាំង​ការបើក​សម្ពោធ​នូវ​សមិទ្ធិផល​ផ្លូវ នៅក្នុង​ខេត្ត​ព្រះសីហនុ ជាដើម​។​

​ចាប់តាំងពី​មុន​សម្រេច​បើក​ប្រទេស​ឡើងវិញ ​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា បាន​ថយចុះ​ជា​រៀងរាល់ថ្ងៃ គឺ​ថយ​ពី​ឆ្លង​ជាង ១០០​នាក់ ក្នុង ១​ថ្ងៃៗ មក​នៅត្រឹម​ជាង ៧០​នាក់ នា​ថ្ងៃទី​៦ ខែវិច្ឆិកា​។ រីឯ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក៏បាន​ថយចុះ​ពី​ជាង ១០​នាក់ ក្នុង ១​ថ្ងៃៗ មក​នៅត្រឹមតែ ៥​នាក់​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​។​

​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​កម្ពុជា​យើង បន្ត​ថយចុះ​ជា​រៀងរាល់​ថ្ងៃនេះ ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាសថា មកពី​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់សាំង នោះគឺ​​ប្រជាជន​កម្ពុជា ចាប់ពី​អាយុ ៥​ឆ្នាំ​ឡើងទៅ បាន​ចាក់​វ៉ាក់សាំង រហូតដល់​ជាង ១៣​លាន ៩៦​ម៉ឺន​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​៦ ខែវិច្ឆិកា ក្នុងចំណោម​ប្រជាជន​សរុប ១៦​លាន​នាក់​។​

​យ៉ាងណាក៏ដោយ ស្ថានភាព​កម្ពុជា ពិសេស​ពាក់ព័ន្ធ​នឹង​កូ​វីដ​នេះ គឺ​អាស្រ័យ​មួយផ្នែក​ធំ​​លើ​ប្រទេស​នានា លើ​ពិភពលោក​។ ចូរ​កុំភ្លេចថា កម្ពុជាឆ្លងកូវីដដំបូង ដោយសារតែការ​នាំចូល​ពីក្រៅប្រទេស។ នោះគឺ​កម្ពុជា​រកឃើញ​កូ​វីដ​ដំបូង កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ​លើ​បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន ដែលជា​កន្លែង​រកឃើញ​កូ​វីដ​ដំបូង​លើ​ពិភពលោក​។ ក្រោយមក នៅក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ថ្ងៃ​២០​កុម្ភៈ ឆ្នាំ​២០២១ ក៏​កើត​ឡើងលើ​សហគមន៍​ជនជាតិ​ចិន មុននឹង​រាលដាល​ឆ្លង​ដល់​ពលរដ្ឋ​ខ្មែរ​យើង នៅ​ភ្នំពេញ រាលដាល​ទៅ​ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល រហូតដល់​ឆ្លង​ទូទាំងប្រទេស ឈានដល់​ការបិទ​ខ្ទប់​ប្រទេស បិទ​ខ្ទប់​រាជធានី​ខេត្ត បិទ​ភូមិ និង​បែងចែក​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង កាលពី​អំឡុង​ខែមេសា​។​

​ដូច្នេះ​ក្នុង​ពេលនេះ ពេលដែល​បើក​ប្រទេស​ឡើងវិញ ពិសេស​ការអនុញ្ញាត​ឲ្យ​អ្នកធ្វើដំណើរ​ការចូល​ពី​ក្រៅប្រទេស ដោយ​កាត់បន្ថយ​ការធ្វើ​ច​ត្តា​ឡី​ស័ក មក​នៅត្រឹមតែ ៣​ថ្ងៃ ទៅ ៧​ថ្ងៃ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​រួច ហើយ​ជាពិសេស ​ការបើក​ដំណើរការ​ទេសចរណ៍​វ៉ាក់សាំង នៅ​ថ្ងៃទី​៣០​វិច្ឆិកា ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស ដែល​ចាក់​វ៉ាក់សាំង​រួច មកលេង​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដោយ​គ្មាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ គឺ​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្នខ្ពស់ និង​ត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​។ តែបើ​នៅលើ​សក​លលោក កូ​វីដ​ធូរស្បើយ នោះ​កម្ពុជា​យើង ក៏​មិនសូវ​ជា​ភ័យបារម្ភ​ប៉ុន្មាន​​ដែរ​។​

​យ៉ាងណាក៏ដោយ ពេលនេះ នៅ​សឹង្ហ​បុរី និង​នៅ​អូស្ត្រាលី ជាដើម ត្រូវបានរាយការណ៍ថា ហាក់ដូចជា កម្រើក​​​ឆ្លង​កូ​វីដ​១៩ច្រើនឡើងវិញ​ ខណៈដែល​ប្រទេស​ថៃ ដែល​បើក​ដំណើរការ​ទេសចរណ៍​វ៉ាក់សាំង កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក៏មាន​ចំនួន​អ្នក​ឆ្លង​ និងស្លាប់ដោយកូ​វីដ ច្រើន​ឡើងវិញ​ដែរ​។​

​ពេលនេះ កូ​វីដ នៅ​កម្ពុជា​យើង ប្រៀបដូចជា គ្រោះថ្នាក់​ចរាចរណ៍ គឺ​ប្រជាជន​កម្ពុជា ហាក់​ស៊ាំ​។ នោះ​គឺ​ម្នាក់ៗ ការពារ​កូ​វីដ ដោយ​ពាក់​ម៉ាស លាងដៃ​អាល់កុល និង​រក្សា​គម្លាត​សុវត្ថិភាព​។ តែ​កូ​វីដ នៅតែ​ឆ្លង និង​សម្លាប់​មនុស្ស​រាល់ថ្ងៃ ក្នុងពេល​គ្រោះថ្នាក់​ចរាចរណ៍ ក៏បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស រៀងរាល់ថ្ងៃ​។

​នៅពេល​បើក​ប្រទេស​ឡើងវិញ តាម​គន្លង​ថ្មី និង​ស្តង់ដារ​ប្រតិបត្តិ​សុវត្ថិភាព​នេះ គឺ​បើ​នៅ​ផ្សារ មាន​អ្នក​ឆ្លង​កូ​វីដ គឺ​យក​អ្នក​ឆ្លង​នោះ ទៅ​ព្យាបាល ហើយ​ផ្សារនោះ នៅ​បើក​លក់​ធម្មតា​។ នៅតាម​រោងចក្រ​កាត់ដេរ ក្រុមហ៊ុន ក្រសួង  និង​នៅ​សាលារៀន ក៏​ដូចគ្នា​។ បើ​មាន​អ្នក​ឆ្លង​កូ​វីដ យកទៅ​ព្យាបាល ហើយ​រោងចក្រ ក្រសួង ក្រុមហ៊ុន និង​សាលារៀន​នោះ នៅ​បើក​ដំណើរការ​ជាធម្មតា​។ រាជរដ្ឋាភិបាល​ចាត់ទុកថា ពេលនេះ បើ​មិន​សម្រេច​បើក​ប្រទេស​ឡើងវិញ​ទេ នោះ​យើង​នឹង​ស្លាប់ ដោយ​​សេដ្ឋ​កិច្ច ដែល​​វេទនា​​ជាង​​ស្លាប់​​ដោយ​​កូ​វីដ​​ទៅ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ