រាជធានីភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភានឹងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ គឺជាការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍកម្ពុជា ។
ក្នុងឱកាស អបអរសាទរខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្តេចហេង សំរិន បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា« ថ្ងៃ ២៣ តុលា ឆ្នាំ២០២១នេះជាខួប៣០ឆ្នាំនៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។
ជាមួយគ្នានសម្តេចក៏ឆ្លៀតឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សាំង ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ។ រាជរដ្ឋាភិបាលបានបន្តលើកទឹកចិត្តដល់ការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលពុំទាន់បានចាក់នៅតាមតំបន់ដាច់ស្រាយាលសហគមន៍ និងផ្ទះបងប្អូនតែម្តងសំដៅបង្កើតភាពសុំាសហគមន៌ ប្រឆាំងនឹងវីរុសកូវីដ-១៩ ហើយយើងអាចរស់នៅជាមួយវីរុសនេះបានតាមគន្លងថ្មី និងធ្វើឱ្យយើងមានលទ្ធភាពឈានទៅបើកប្រទេសពេញលេញឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងហើយក្តី បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ។ សម្តេចជូនពរ សូមជនរួមជាតិទាំងអស់បានសូមបានប្រកបតែសុខសេចក្តី សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ