សហរដ្ឋអាមេរិក ៖ បណ្ដាអ្នកទទួលខុសត្រួវសួនសត្វក្រុងវ៉ាស៊ិនតោន ប្រកាសកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះថា សត្វតោ៦ក្បាល និងខ្លាចំនួន៣ក្បាលនៃសួនសត្វនោះ ត្រូវបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃការឆ្លងវីរុសកូវីដ-១៩ ហើយទទួលការព្យាបាល ក្រោយរកឃើញមានរោគសញ្ញានានា។
ក្នុងសេចក្ដីប្រកាសមួយសួនសត្វនោះគូសបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ បណ្ដាឆ្មាំមើលថែរក្សាការពារ បានសង្កេតឃើញតោអាហ្វ្រិក៦ក្បាល ខ្លាស៊ូម៉ាត្រា១ក្បាលនិងខ្លាស៊ីបេរី២ក្បាល មិនសូវស៊ីចំណីមានអាការៈក្អក កណ្ដាស ហើយក៏បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន នៃការឆ្លងវីរុស។ ក្រៅពីសត្វទាំងនោះសត្វឯទៀតៗក្នុងសួនសត្វជាមួយគ្នា ពុំមានសញ្ញានៃការឆ្លងឡើយ។
បណ្ដាសត្វដែលឆ្លងវីរុស ត្រូវបានព្យាបាលដោយប្រើថ្នាំប្រឆាំងការរលាក ថ្នាំក្អកនិងថ្នាំអង់ទីប៊ីយ៉ូទីកប្រឆាំងការរលាកសួត។ បណ្ដាអ្នកទទួលខុសត្រូវសួនសត្វអះអាងប្រាប់សាធារណជនថា បណ្ដាអ្នកទៅទស្សនាសត្វក្នុងសួនសត្វនោះ ត្រូវស្ថិតនៅឃ្លាតពីបណ្ដាសត្វ។
ការឆ្លងវីរុសនោះដល់ពពួកសត្វកើតមាន ពេលដែលក្នុងសួនសត្វអាមេរិកជាច្រើន រួមទាំងសួនសត្វក្រុងវ៉ាស៊ិនតោនផង ប្រកាសកាលពីថ្ងៃទី១៤កញ្ញា ពីយុទ្ធនាការចាក់វ៉ាក់សាំងដល់បណ្ដាសត្វដែលអាចរងការឆ្លងវីរុសកូវីដ-១៩ ក្នុងសួនសត្វទាំងនោះ។
នៅសហរដ្ឋអាមេរិកមិនត្រឹមតែខ្លានិងតោទេដែលឆ្លងកូវីដក៏សូម្បីសត្វស្វាហ្គោរីជាច្រើនក្បាល ក្នុងសួនសត្វក្រុងអាត្លង់តា រដ្ឋចចជៀក៏ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃការឆ្លងដែរ។ ដោយសារមានការឆ្លងបែបនេះ ពពួកសត្វក្នុងសួនសត្វក្រុងវ៉ាស៊ិនតោន នឹងទទួលការចាក់វ៉ាក់សាំងនាបណ្ដាខែខាងមុខ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ