ពាក្យមានះប្រែថា សេចក្តីប្រកាន់មាំ, ដំណើរប្រកាន់ខ្លួន, ភាពរឹងត្អឹង ព្រះពុទ្ធទ្រង់ហាមមិនឱ្យប្រដៅមនុស្សដែលមានទិដ្ឋិមានះបែបនេះឡើយ ព្រោះអ្វី ? ព្រោះថាបើទោះជាខំព្យាយាមអប់រំមនុស្សមានះយ៉ាងណា ក៏ឥតបានផលប្រយោជន៍ព្រោះតែអំណាចនៃចិត្តមានះនោះឯងបាំងសេចក្តីល្អអស់ទៅហើយ ។
នៅក្នុងបិដកលេខ២៦ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយពិនិត្យឃើញថា បុគ្គលដទៃជាអ្នកមានមានះ ជាអ្នកក្រោធ ជាអ្នកចងពៀរ ជាអ្នកមានទិដ្ឋិមាំ ជាអ្នកលះបង់សេចក្តីអាក្រក់បានដោយក្រ ទាំងអាត្មាអញក៏មិនអាចញាំងបុគ្គលនោះឱ្យចេញចាកអកុសលធម៌ ឱ្យញាំងនៅក្នុងកុសលធម៌បានទេ ។
ភិក្ខុទាំឡាយគប្បីជាអ្នកព្រងើយក្នុងបុគ្គលមានសភាពយ៉ាងនេះចុះ កុំគប្បីធ្វើដឹងធ្វើឮឡើយ ព្រោះថាមនុស្សដែលមានទិដ្ឋិមានះបើទោះជាចំណាយពេលទៅអប់រំទូន្មានយ៉ាងណាក៏ឥតបានផល បានត្រឹមតែខាតបង់ពេលវេលាឥតអំពើ ត្រង់នេះហើយដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមមិនឱ្យទូន្មានជនចិត្តមានះ ៕ សាន សារិន
ចែករំលែកព័តមាននេះ