ក្រុងព្រះសីហនុ៖ ប្រជាពលរដ្ឋ បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាកស្តារិច ដឹកស្ត្រីម្នាក់ ដោយអះអាងថា ធ្លាក់ពីអាគារខ្ពស់ លុះយកមកដល់មន្ទីរពេទ្យឯកជនមួយកន្លែង ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យ និងបញ្ជាក់ថា ស្ត្រីរងគ្រោះ ដាច់ខ្យល់ទៅហើយ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវឯករាជ្យ ចំណុចមុខមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សាក្សីដែលឃើញហេតុការណ៍ ប្រាប់ថា នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៧ ខែកញ្ញានេះ គេឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8751 បើកបរដោយបុរសម្នាក់ ជាជនជាតិខ្មែរ និងអ្នករួមដំណើរ ២នាក់ទៀត ជាជនជាតិខ្មែរដូចគ្នា។
បុរសអ្នកបើកបររថយន្តខាងលើ បានថ្លែងថា ដំបូងឡើយ ស្ត្រីខាងលើ បានធ្លាក់ពីអាគារ Online មួយកន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ ហើយមេរបស់គាត់ បានចាត់ឲ្យគាត់ និងសន្តិសុខ រួមទាំងបុរសជាជាងភ្លើងម្នាក់ទៀត ជួយលើកស្ត្រីខាងលើ ដាក់ក្នុងគូទរថយន្ត ដឹកមកសង្គ្រោះបន្ទាន់ ដោយរថយន្តផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដោយពុំរាយការណ៍ មកសមត្ថកិច្ច ឬហៅរថយន្តពេទ្យនោះទេ គឺសម្រេចដឹកមកមន្ទីរពេទ្យថៃខាង ដោយខ្លួនឯង។ តែជាអកុសល ស្ត្រីខាងលើ បានដាច់ខ្យល់ស្លា.ប់ ពេលដឹកតាមរថយន្តទៅហើយ។
គួរបញ្ជាក់ថា ចំពោះករណីខាងលើនេះ ពុំមានរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ស្ត្រីខាងលើ ស្លា.ប់ ដោយសារមូលហេតុអ្វី នៅឡើយទេ។ តែភ្លាមៗនោះ សមត្ថកិច្ច បានឃាត់ខ្លួនបុរសទាំង ៣នាក់ខាងលើ យកទៅសួរនាំ នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ។
សពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ច យកទៅរក្សាតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច្ច័យ ស្រាវជ្រាវពីអត្តសញ្ញាណ និងរកអំពីមូលហេតុនៃការស្លាប់ ទៅតាមនីតិវិធី៕
ចែករំលែកព័តមាននេះ