រាជធានីភ្នំពេញ ៖ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាននិយាយថា គណបក្សរបស់លោក គ្មានក្តីសង្ឃឹមក្នុងការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ (ជាប់ឆ្នោត) ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ខាងមុខនោះទេ ដោយសារតែកត្តាមួយចំនួន ក្នុងនោះក៏ដោយសារតែវិបត្តិកូវីដ-១៩ ផងដែរ ។
លោក ម៉ម សូណង់ដូ ដែលជាប្រធានវិទ្យុសំបុកឃ្មុំផងដែរនោះ បានឲ្យដឹងតាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ យ៉ាងដូច្នេះ ថា «ការចួលរួមបោះឆ្នោតជ្រើសឃ្មុំសង្កាត់ខាងមុខនេះ គណៈបក្សខ្ញុំនឹងចួលរួម ប៉ុន្តែពេលនេះ យើងមិនបានធ្វើ កិច្ចការពេញដៃពេញជើងក្នុងការទាក់ទងសមាជិកនៅថ្នាក់ខេត្តនោះទេ ដោយសារជំងឺកូវីដ ធ្វើឲ្យយើងមិនអាចជួបជុំគ្នាបាន ហើយខ្វះសេដ្ឋកិច្ចថវិកាទៀតផង»។
ស្ថាបនិកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានគូសបញ្ជាក់ថា «យើងចូលរួមគឺចូលរួម តែមិនដឹងបានសម្លេងគាំទ្រប៉ុន្មានទេ ។ តែគណបក្សយើងមិនប្រឆាំងនឹងការគ្រប់គ្រងរបស់ រាជរដ្ឋាភិបាលទេ តែយើងប្រឆាំងនឹងអំពើពុករលួយនៅថ្នាក់ក្រោមជាតិ ឬឃុំ សង្កាត់»។
នៅពេលសាកសួរថា អ្វីជាគោលនយោបាយរបស់គណបក្សរបស់លោក បើសិនជាឈ្នះបានអាសន្នៈខ្លះ នោះ លោកម៉ម សូណង់ដូ បានថ្លែងថា គណបក្សសំបុកឃ្មុំ គឺមានគោលនយោបាយសំខាន់ៗជាច្រើន ក្នុងនោះការប្រឆាំងនឹងអំពើពុករលួយថ្នាក់ក្រោមជាតិ គឺជារឿងសំខាន់មួយដែលគណបក្សលោកផ្តោតលើ ។
លោកបន្តថា «ការប្រឆាំងអំពើពុករលួយនៅថ្នាក់ក្រោមជាតិ គឺពិតជាសំខាន់ណាស់។ ទោះបីជាត្រូវជាប់ពន្ធនាគារ ឬចាប់ខ្លួនយ៉ាងណាក៏ដោយ ពីព្រោះថ្នាក់ក្រោមជាតិនេះបានធ្វើឲ្យប្រជាពលរដ្ឋហូរទឹកភ្នែក រហូតក្លាយជាឈាមក៏មាន» ។ លោកបានបន្តថា «អាពុករលួយហ្នឹង ដូចជាការលក់ដីដែលមានការចួលរួមពីមេឃុំ ឬចៅ សង្កាត់ ពួកនេះលក់ទាំងរដ្ឋ ដីសមាគមន៍ ដីសហគមន៍ក៏លក់ទាំងអស់«…» ការពុករលួយពី ថ្នាក់ក្រោមនេះវាធ្វើរបាយការណ៍មិនពិតជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ដូច្នេះព័ត៌មានមិនពិតពីថ្នាក់ក្រោមប៉ះពាល់ដល់ខាងលើ ហើយមិនប្រាកដថា ព័ត៌មានសុទ្ធពិត ឬមិនពិតទាំងអស់នោះទេ តែចាំបាច់ត្រូវប្រយុទ្ធប្រឆាំងអំពើពុករលួយពីថ្នាក់ក្រោមជាតិ»។ ពួកពុករលួយនឹងគឺ ចាប់ពីកូនដល់ ចៅ…»។
លោកម៉ម សូណង់ដូ បានវាយប្រហារថា អ្នកពុករលួយខ្លះ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុបឃិតគ្នាធ្វើសកម្មភាពបែបនេះ។ ពេលខ្លះអ្នកនោះបានបន្លំធ្វើរបាយការណ៍ចោទប្រកាន់គ្នាក៏មានដើម្បីជូនថ្នាក់ដឹកនាំ ខណៈថ្នាក់ទាំងខាងលើ បាននិងកំពុងដឹកនាំប្រទេសល្អ ។
លោកម៉ម សូណង់ដូ ថាគោលការណ៍សំខាន់បំផុតរបស់គណបក្សលោក គឺព្យាបាល និងលុបបំបាត់អំពើពុករលួយថ្នាក់ក្រោមជាតិឲ្យអស់ ពិសេសនោះគឺមេឃុំ ចៅសង្កាត់តែម្តង ។ លោកថា «គណបក្សយើងមានគោលគារណ៍លុបបំបាត់ពុករលួយ គឺធំបំផុតដែលយើងត្រូវធ្វើ។ ការបោះឆ្នោតឃុំ សង្កាត់នេះគ្មានសង្ឃឹមជាប់ នោះទេ ប៉ុន្តែខ្ញុំតស៊ូសម្រាប់ជាតិ ស្រឡាញ់ជាតិ…»។ លោកលើកឡើងទៀតថាទោះបីជាប្រជាពលរដ្ឋមិនបោះឆ្នោតឲ្យគណបក្សលោកក្តីតែលោកនៅជាអ្នកក្លាហានក្នុងការស្រឡាញ់ជាតិ ដោយមិនខ្លាចជាប់ពន្ធនាគារ ឬគេចាប់ខ្លួននោះទេ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥៕
ចែករំលែកព័តមាននេះ