- ភ្នំពេញ
ភ្នំពេញ៖ វិធានការបិទខ្ទប់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា បានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាល កូវីដប្រភេទ…
ភ្នំពេញ៖ វិធានការបិទខ្ទប់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា បានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាល កូវីដប្រភេទ…
ភ្នំពេញ៖ វិធានការបិទខ្ទប់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា បានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាល កូវីដប្រភេទ បំប្លែងថ្មី ដែលតា កុំឲ្យឆ្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍យើង។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសម្រេចថែម ៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣សីហា ដល់ថ្ងៃទី១៩សីហា ដើម្បីបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
កន្លងមកនេះ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងបរិបទ ដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា Delta រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទបស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩» នៅទូទាំងប្រទេស និងវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ក្នុងរយៈពេល ១៤ថ្ងៃមកនេះ រាជរដ្ឋាភិបាល និងបណ្តារាជធានីខេត្តទូទាំងប្រទេស បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាល ទទួលស្គាល់ថា ការអនុវត្តវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប និងយុទ្ធនាការថ្នាក់ជាតិរយៈពេល ១៤ថ្ងៃ កន្លងមកនេះ បានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា។ ជាក់ស្តែង អត្រានៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រចាំថ្ងៃ មានលក្ខណៈថេរ ហើយថយចុះមកពីចំនួនអ្នកឆ្លងថ្មី ៦៦៨នាក់ ស្លាប់ ២៥នាក់ នៅថ្ងៃទី២៩កក្កដា មកនៅត្រឹមអ្នកឆ្លងថ្មី ចំនួន ៤៥៥នាក់ និងស្លាប់ ២០នាក់ នៅថ្ងៃទី១១ ខែសីហា បើទោះបីជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា បានធ្លាយឆ្លងចូលក្នុងសហគមន៍ ហើយបច្ចុប្បន្ន បានរីករាលដាល រហូតទៅដល់ ១៧រាជធានីខេត្ត ក្តី។
យ៉ាងណាក៏ដោយ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគមេរោគកូវីដ១៩ ប្រភេទដែលតា ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣:៥៩នាទី រាជរដ្ឋាភិបាល បានសម្រេចបន្តការអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩» នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ក្នុងអំឡុងពេលបន្តការអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩» នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ថ្ងៃបន្ថែមទៀតនេះ រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់គណៈអភិបាលរាជធានីខេត្ត នៅទូទាំងប្រទេស ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមម៉ឺងម៉ាត់ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយក្នុងអំឡុងពេលនៃការបន្តការអនុវត្តយុទ្ធនាការរយៈពេល ៧ថ្ងៃបន្ថែមទៀតនេះ ត្រូវបន្តដាក់ចេញ និងជំរុញការអនុវត្តវិធានការរឹតត្បិតចាំបាច់ទាំងឡាយ ឲ្យកាន់តែមានប្រសិទ្ធភាព និងឲ្យបានព្រមៗគ្នា នៅទូទាំងប្រទេស ដោយអនុលោមតាមការណែនាំក្នុងសារាចររបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ឆ្លើយតបនឹងវិធានការរបស់រាជរដ្ឋាភិបាលខាងលើ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវសេចក្តីសម្រេច ដោយបន្តអនុវត្តវិធានការរដ្ឋបាល ផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបន្តផ្អាកសកម្មភាព រយៈពេល ១៤ថ្ងៃតទៅទៀត នៅរាជធានីភ្នំពេញ រួមមាន៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងទាំងកជន តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។ អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ។ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា។ អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ។ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
នៅភ្នំពេញ ក៏បានសម្រេចបន្តអនុវត្តនូវបម្រាមគោចរ ដែលហាមឃាត់រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះពីម៉ោង ២២ ឬម៉ោង ១០យប់ ដល់ម៉ោង ៣ទៀបភ្លឺ ក្នុងរយៈពេល ៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣សីហា រហូតដល់ថ្ងៃទី១៩ ខែសីហា។
រីឯខេត្តផ្សេងទៀត ក៏បានប្រកាសបន្តអនុវត្ត និងដាក់ចេញនូវវិធានការរដ្ឋបាល រួមទាំងបម្រាមគោចរ ក្នុងរយៈពេល ៧ថ្ងៃបន្ថែមទៀត ពីថ្ងៃទី១៣ ខែសីហា រហូតដល់ថ្ងៃទី១៩ ខែសីហា។ ក្នុងនោះ ខេត្តជាប់ព្រំដែនថៃ ដែលត្រូវបិទខ្ទប់រយៈពេល ១៤ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២សីហា ក៏បានសម្រេចបិទខ្ទប់ដោយខ្លួនឯង ៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣សីហា ដល់ថ្ងៃទី១៩សីហាផងដែរ។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានចេញសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀត ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោង ២៣ និង ៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទដែលតា។
នៅពេលផុតកំណត់វិធានការរដ្ឋបាល និងអនុវត្តបម្រាមគោចរ រយៈពេល ១៤ថ្ងៃ ត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ គឺព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបើកឡើងវិញ ហើយពលករខ្មែរយើង ដែលមិនអាចឆ្លងដែន ចេញពីថៃ ចូលមកកម្ពុជា កន្លងមកនោះ នឹងអាចធ្វើដំណើរឆ្លងដែនចូលមកទឹកដីកំណើតរបស់ខ្លួនឡើងវិញ។ អ្នកឆ្លងដែនថ្មីទាំងនោះ នឹងត្រូវត្រួតពិនិត្យសុខភាព ធ្វើតេស្តរកកូវីដ ហើយត្រូវធ្វើចត្តាឡីស័ក នៅតាមមណ្ឌល និងទីកន្លែងចត្តាឡីស័ក ក្នុងខេត្តជាប់ព្រំដែន មុននឹងត្រូវដឹកជញ្ជូន យកទៅធ្វើចត្តាឡីស័កបន្តនៅតាមរាជធានីខេត្ត នៅជួរក្រោយ។
តែតាមគោលការណ៍ ក្នុងករណីអ្នកមកពីថៃ ច្រើនលើសចំណុះមណ្ឌលចត្តាឡីស័ក តាមព្រំដែន គឺក្រោយពិនិត្យសុខភាព និងធ្វើតេស្ត ហើយអវិជ្ជមានកូវីដ១៩ គឺអ្នកទាំងនោះ ត្រូវដឹកជញ្ជូនតាមរថយន្តកងទ័ព ចូលមករាជធានីខេត្ត នៅជួរ ក្រោយតែម្តង។ នេះជាអ្វីដែលត្រូវយកចិត្តទុកដាក់។
កន្លងមក នៅកម្ពុជាយើង មេរោគកូវីដធម្មតាក្តី រួមទាំងមេរោគកូវីដ បំប្លែងខ្លួនថ្មី ប្រភេទដែលតាក្តី គឺសុទ្ធតែត្រូវបាននាំចូលពីក្រៅប្រទេស ហើយឆ្លងរាលដាលក្នុងសហគមន៍។ ក្នុងនោះ ភាគច្រើន ត្រូវបាននាំចូលតាមរយៈពលករខ្មែរ ដែលធ្វើដំណើរចេញពីប្រទេសថៃ ចូលមកកម្ពុជា ខណៈដែលនៅថៃ បាន និងកំពុងឆ្លងរាលដាលកូវីដធ្ងន់ធ្ងរ។
ជាងនេះទៅទៀត កាលពីថ្ងៃទី១២សីហា រដ្ឋបាលខេត្តព្រះសីហនុ ទើបតែប្រកាសពីការរកឃើញក្មេងប្រុសម្នាក់ អាយុ ៨ឆ្នាំ ឆ្លងកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា បន្ទាប់ពីក្មេងប្រុសនោះ ធ្វើដំណើរមកពីប្រទេសថៃ ហើយបានធ្វើតេស្ត អវិជ្ជមានកូវីដ និងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
ដូច្នេះចាប់ពីថ្ងៃទី១៣សីហាតទៅ នៅពេលព្រំដែនថៃ ត្រូវបើកឡើងវិញ ពលករខ្មែរមកពីថៃ វិលត្រឡប់ចូលមកកម្ពុជាវិញ ហើយអាចនឹងត្រូវដឹកជញ្ជូនទៅកាន់រាជធានីខេត្ត នៅជួរក្រោយ ផ្ទៃក្នុងប្រទេសផងនោះ គឺទាមទារឲ្យអាជ្ញាធរសមត្ថកិច្ចយើង មិនថា ជួរមុខ ឬនៅជួរក្រោយទេ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយអនុវត្តដោយហ្មត់ចត់ ម៉ឺងម៉ាត់លើការងារនេះ ចាប់តាំងពីព្រំដែន ការពិនិត្យ ធ្វើតេស្ត ការដឹកជញ្ជូន រហូតដល់នៅកន្លែងធ្វើចត្តាឡីស័ក តាំងនៅតាមខេត្តជាប់ព្រំដែន និងទាំងនៅតាមរាជធានីខេត្តទូទាំងប្រទេស។
ការធ្វើចត្តាឡីស័ក លើពលករ ក៏ត្រូវបានបង្កើនពីរយៈពេល ១៤ថ្ងៃ កាលពីមុន រហូតទៅដល់ ២១ថ្ងៃ ហើយការធ្វើតេស្ត ក៏ត្រូវធ្វើរហូតដល់ ៤ដង គឺ ៣ដង តាមតេស្តរហ័ស និងម្តងទៀតចុងក្រោយ ត្រូវធ្វើតេស្តដោយម៉ាស៊ីន PCR។ វិធានការថ្មីនេះ ក៏ត្រូវអនុវត្តសម្រាប់អ្នកប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ផងដែរ។ ការធ្វើដូច្នេះ ដើម្បីឲ្យប្រាកដថា កូវីដ ពិសេសកូវីដបំប្លែងថ្មី ដែលតា មិនឆ្លងចូលសហគមន៍ នៅពេលបញ្ចប់ចត្តាឡីស័ក។
រីឯរាជធានីខេត្តទូទាំងប្រទេស ដែលបន្តវិធានការរដ្ឋបាល រួមទាំងវិធានការរឹតត្បិត រាប់ទាំងការដាក់ចេញនូវបម្រាមគោចរ ១សប្តាហ៍ ទៅ ២សប្តាហ៍បន្ទាប់ទៀតនេះ ក៏ត្រូវអនុវត្តដោយហ្មត់ចត់ និងម៉ឺងម៉ាត់។ ចំណែកប្រជាពលរដ្ឋយើងគ្រប់រូប ក៏ត្រូវបន្តអត់ធ្មត់ និងគោរពតាមការណែនាំ ពិសេសអនុវត្តនូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ បន្តនៅផ្ទះ និងកុំទាន់ជួបជុំមិត្តភ័ក្តិ បងប្អូន ហើយសូម្បីអ្នកជិតខាងក៏ដោយ។ ពោលគឺនរណា អ្នកផ្ទះណា នៅផ្ទះនោះ។ បើត្រូវទៅធ្វើការ ក៏ត្រូវចេញត្រង់តែពីផ្ទះ ទៅកន្លែងធ្វើការ ហើយក៏ត្រូវអនុវត្តវិធាន ការការពារ កូវីដ ជាប់ជាប្រចាំ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត៕
ចែករំលែកព័តមាននេះ