ខេត្តព្រៃវែង៖ បងប្អូនអាជីវករនៃផ្សារក្រុងព្រៃវែង បានសម្តែងការសប្បាយចិត្តរីករាយជាខ្លាំង ខណៈអាជ្ញាធរក្រុងព្រៃវែង បានចុះរៀបចំអោយពួកគាត់ មានកន្លែងលក់ដូរ សម្រាប់ចិញ្ចឹមជីវិតឡើងវិញ ចាប់ពីថ្ងៃទី៧ ខែសីហាតទៅ។ ផ្សារក្រុងព្រៃវែង មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ត្រូវបានរដ្ឋបាលខេត្តព្រៃវែង បិទផ្អាកការលក់ដូររបស់បងប្អូនអាជីវករជាបណ្តោះអាសន្នមួយរយៈកន្លងមក បន្ទាប់ពីរកឃើញអាជីវករមានវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាច្រើនទៀត បានឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។
ឥឡូវដោយសារតំបន់នេះ មានស្ថានភាពធូរស្រាល ពុំមានការបង្កហានិភ័យនៃជំងឺកូវីដ-១៩ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃនោះ ទើបអាជ្ញាធរក្រុង ចុះរៀបចំអោយពួកគាត់ អង្គុយលក់ដូរវិញ។
ចំពោះការបើកដាក់អោយដំណើរការលក់ដូរឡើងវិញរបស់បងប្អូនអាជីវករ នៅក្នុងផ្សារក្រុងព្រៃវែងនេះ រដ្ឋបាលក្រុង ក៏បានរៀបចំជាកន្លែងលក់ដូរ ដែលមានស្តង់ដារ តាមបែបវិធានសុខាភិបាល ដើម្បីចូលរួមបង្កាទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺកូវីដ-១៩ ផងដែរ។
ក្នុងនោះដែរ បងប្អូនអាជីវករដែលគាត់មកលក់ដូរនោះ គាត់សម្តែងនូវទឹកចិត្តសប្បាយរីករាយ ដែលរដ្ឋបាលក្រុងបានរៀបចំទីតាំងថ្មី សម្រាប់អោយពួកគាត់លក់ដូរប្រកបដោយវិធានសុខាភិបាលល្អ ដោយមានទីធ្លាស្រឡះទូលាយល្អ មានគម្លាតសុវត្ថិភាពល្អ ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែក កុំអោយមានការបន្តឆ្លងនៃជំងឺកូវីដ-១៩។
ដោយឡែក បងប្អូន ដែលគាត់មកទិញ បន្លែអាហារហូបចុក នៅក្នុងផ្សារ ដែលរដ្ឋបាលក្រុងរៀបចំថ្មីនេះ ក៏បានសម្ដែងនូវទឹកចិត្តរីករាយស្រដៀង និងបងប្អូនអាជីវករលក់ដូរនោះដែរ។ ប្រជាពលរដ្ឋ បានលើកឡើងថា ការរៀបចំនេះពិតជាល្អណាស់ ដោយមានគម្លាតសុវត្ថិភាពល្អ ដែលជាផ្នែកមួយងាយស្រួលក្នុងការទិញ នៅទំនិញផ្សេងៗ គឺសភាពស្រឡះល្អដោយមិនមានមនុស្ស កកកុញច្រើន ដែលជាផ្នែកមួយក្នុងការកាត់បន្ថយនៃការចម្លងនៃមេរោគកូវីដ-១៩ នេះផងដែរ។
ទោះបីជារដ្ឋបាលក្រុងព្រៃវែង បានបើកអោយដំណើរការលក់ដូរឡើងវិញក៏ពិតមែន តែរដ្ឋបាលក្រុង នៅតែបន្តចុះណែនាំដល់បងប្អូនអាជីវករទាំងអស់ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវគោលការណ៍ និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅកាត់ផ្តាច់នូវខ្សែចម្លងនៃ ជំងឺកូវីដ-១៩ ពិសេសអនុវត្តនូវវិធានការ “៣ការពារ ៣កុំ និង ២ចូលរួម”។
សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥២នាក់ ស្រី ២៥នាក់។ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៤៩១២នាក់ បានព្យាបាល ជាសះស្បើយ ៣៦២៨នាក់ កំពុងសំរាកព្យាបាល ១១៧៩នាក់ និងស្លាប់ ៨៥នាក់៕
ចែករំលែកព័តមាននេះ