រាជធានីភ្នំពេញ ៖ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវី១៩ បំប្លែងថ្មី«ដែលតា» អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ជំងឺកូវីដបំប្លែងថ្មីនេះ មួយចំនួនមិនទាន់ដឹងពីប្រភពច្បាស់លាស់ថា មកខាងណានោះទេ ។
លោកជំទាវ វេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួង និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានថ្លែងថា បច្ចុប្បន្នអ្នកឆ្លងវីរុសជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) មួយចំនួនមិនដឹងប្រភពឆ្លងមកពីខាងណា ព្រោះថា Delta មានភាពចម្លងលឿន ដូច្នេះបុគ្គលគ្រប់រូបកុំចល័តទៅតំបន់ផ្សេងៗ ។
លោកជំទាវបានក៏លើកឡើងក្នុងឱកាសនាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រយៈពេល៥ខែ កម្ពុជារក ឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន២២៣នាក់ ក្នុងនោះស្ដ្រី១០៧នាក់ ។
លោកជំទាវលើកឡើងថា នៅលើពិភពលោកមានការព្រួយបារម្ភខ្លាំងចំពោះប្រភេទ Delta ដោយសារស្ថានភាពរបស់វាមានភាពឆ្លងលឿន ។
បច្ចប្បន្ននៅកម្ពុជាប្រភេទ Delta ឆ្លងក្នុងសហគមន៍ជាដុំៗ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងជាប់ជានិច្ច ហើយអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។
លោកជំទាវវេជ្ជបណ្ឌិតគូសបញ្ជាក់ថា «ការរកឃើញនៃបុគ្គលដែលមានផ្ទុះនូវវីរុសប្រភេទ Delta នេះ នៅរាជធានីភ្នំពេញ គឺមានអ្នកគាត់ឆ្លង និងមានអ្នកមកពីក្រៅប្រទេស តាមជើងហោះហើរ ប៉ុន្ដែក៏មានបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ឆ្លងហើយអត់ដឹងថា គាត់ឆ្លង ពីណាកន្លែងណាដែលជាចំណុចសំខាន់ ប្រសិនបើដឹងច្បាស់គាត់កន្លែងណា គឺយើងទៅចាក់ចែងវិធានការទៅរុករកឲ្យបានលឿន ហើយ យើងរកអ្នកវិជ្ជមានយកមកធ្វើការព្យាបាល ចឹងយើងមានការឃុំគ្រប់គ្រងត្រឹមត្រូវ ក៏ប៉ុន្ដែនៅពេលដែលយើងអត់ដឹងគាត់ឆ្លងមកពីណា នេះ គឺជាបញ្ហាមួយដែលជាសញ្ញាមួយបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្ន ដោយសារជាសញ្ញាបញ្ជាក់ថា វីរុស Delta នេះបានចរាចរទៅហើយ តែចរាចរនៅកន្លែងណា យើងអត់ដឹងតាមបុគ្គលដែលចល័ត» ។
ជាមួយគ្នានោះដែរ លោកជំទាវអ្នកនាំពាក្យក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបកុំចល័តពីតំបន់មួយទៅតំបន់មួយទៀត ក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ៕
ចែករំលែកព័តមាននេះ