រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញបង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកកាហ្វេ និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់ ។
មន្ត្រីរដ្ឋបាលខណ្ឌដូនពេញបានឱ្យកោះសន្តិភាពដឹងថា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤:៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញចុះបង្ក្រាបទីតាំងលបលួចបើកដំណើរការល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំង១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្ត្រីដដែលបានបញ្ជាក់ថា ការចុះបង្ក្រាបនោះបានដកហូតវត្ថុតាង រួមមាន: ទូរទស្សន៍ចំនួន០៣គ្រឿង កុំព្យូទ័រ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់ ស្រី០៣នាក់ បញ្ជូនទៅអធិការនគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាតែម្តង ៕
ចែករំលែកព័តមាននេះ