ត្រឹមព្រឹកនេះ! អគ្គីភ័យឆាបឆេះឃ្លាំង របស់ក្រុមហ៊ុន សូ ងួន មិនទាន់រលត់១០០%ទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គីភ័យដែលឆាបឆេះ ឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង នៅក្នុងផែស្ងួត សូងួន ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១
រាជធានីភ្នំពេញ ៖ អគ្គីភ័យដែលឆាបឆេះ ឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង នៅក្នុងផែស្ងួត សូងួន ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១
រាជធានីភ្នំពេញ ៖ អគ្គីភ័យដែលឆាបឆេះ ឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែងរបស់ក្រុមហ៊ុន សូ ងួន ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ តាំងពីវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់វេលាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅមិនទាន់រលត់១០០ភាគរយទេ ខណះសមត្ថកិច្ចជំនាញ និងក្រុមរថយន្តពន្លត់អគ្គីភ័យ កំពុងអន្តរាគមន៍បន្ត ក្នុងការបាញ់ពន្លត់អោយបាន១០០ភាគរយ ដើម្បីធានាមិនមានការឆាបឆេះរាលដាលខ្លាំងឡើងវិញ ។ គួររំលឹកថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះឃ្លាំង ផែស្ងួត សូ ងួន លើផ្លូវ២៧១ (វីដេអូ)
មន្ត្រីការិយាល័យអគ្គីភ័យរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា អគ្គីភ័យឆេះឃ្លាំងខាងលើនេះ ត្បិតមិនទាន់មានការរលត់មែន ប៉ុន្តែមិនមានការឆាបឆេះធំដុំដូចកាលពីពេលឆាបឆេះពីដំបូងឡើយ ពោលគឺមិនមានអណ្តាតភ្លើងទៀតឡើយ មានការឆាបឆេះនៅផ្នែកខាងក្នុងឃ្លាំងដែលសេសសល់ពីសំណល់ឆាបឆេះកាលពីពេលយប់ ឬអាចនិយាយបានថា ស្ថានការណ៍នៃការឆាបឆេះគ្រប់គ្រងបាន៩០ភាគរយហើយ ។
មន្ត្រីដដែលបន្តថា ទីតាំងឃ្លាំងដែលឆាបឆេះ គឺមានទំហំ30ម៉ែត្រគុណនឹង80ម៉ែត្រ សង់ពីថ្ម ប្រក់សង្ក័សី ។ ឃ្លាំងនេះ ជាប្រភេទឃ្លាំងស្តុកទំនិញសម្រាប់លក់ ឬកុំម៉ង់តាមប្រព័ន្ធអនឡាញ ដែលជាទំនិញមកពីប្រទេសចិន ប៉ុន្តែជាទំនិញអ្វីខ្លះ គឺមិនទាន់មានការបញ្ជាក់ពីម្ចាស់ទីតាំងនៅឡើយនោះទេ ខណះដែលឃ្លាំងនេះ គឺម្ចាស់ឃ្លាំងជួលពីលោកឧកញ៉ា សូ ងួន ដែលស្ថិតនៅក្នុងផែស្ងួត សូ ងួន របស់លោកឧកញ៉ាផ្ទាល់តែម្តង ។
សូមបញ្ជាក់ថា ឃ្លាំងខាងលើត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលឡើងជាខ្លាំង កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្រោយនឹងអតីតក្លឹបប្លូឡាញ ក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ ឃ្លាំងខាងលើ គឺមានការចាក់សោរទុកចោល ពុំមានអ្នកស្នាក់នៅខាងក្នុង ហើយក៏ពុំមានអ្នកយាមនៅខាងក្រៅទីតាំងដែរ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងចេញពីខាងក្នុងមកក្រៅ រហូតកកើតជាអណ្តាតភ្លើងខ្លាំងឡើងៗ លាយលំជាមួយផ្សែងហ៊ុយខ្មួរខ្មាញ់ហ៊ុយទៅលើវេហា បង្កអោយក្រុមកម្មកររស់នៅក្នុងផែស្ងួតជាប់នោះ រាយការណ៍ជូនអ្នកគ្រប់គ្រងផែ ដើម្បីរាយការណ៍បន្តទៅកាន់សមត្ថកិច្ចសុំកិច្ចចុះអន្តរាគមន៍ ។
ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាន នៃការឆាបឆេះហើយនោះ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនសិបគ្រឿង បានចុះអន្តរាគមន៍ ដល់ទីតាំងខាងលើ ដើម្បីធ្វើការបាញ់ទឹកពន្លត់ ។ បើទោះបីជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងពីសំណាក់សមត្ថកិច្ចជំនាញ យ៉ាងណាក៏ដោយ ក៏អណ្តាតភ្លើង បានឆាបឆេះបំផ្លាញទីតាំងខាងលើ អស់ហ្មត់ទាំងស្រុងដែរ ក្នុងរយះពេលតាំងពីពេលឆាបឆេះ រហូតដល់ព្រឹកឡើង ព្រោះការឆាបឆេះនៅខាងក្នុងឃ្លាំង ហើយក្រុមសមត្ថកិច្ចអាចបាញ់ទឹកបានតែពីខាងក្រៅ ទម្រាំគាស់ទ្វារឃ្លាំងចូលទៅខាងក្នុងបាននោះ ការឆាបឆេះបានបំផ្លាញទ្រព្យសម្បត្តិ និងឃ្លាំងស្ទើរតែទាំងស្រុងទៅហើយដែរ ។
សូមបញ្ជាក់ថា នៅក្នុងការឆាបឆេះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គីភ័យមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជាច្រើន សរុប ៣៣គ្រឿង ឡើងចុះយកទឹក ១៥៦លើក ។ ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះ គឺសមត្ថកិច្ចជំនាញពុំទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រង់ចាំធ្វើកោសល្យវិច្ច័យពិនិត្យនៅពេលក្រោយ ក្រោយគ្រប់គ្រងស្ថានការណ៍អោយបាន១០០ភាគរយ ជាមុនសិន ។
យ៉ាងណាមិញ លោក សម័យ ជាប្រធានរដ្ឋបាលនៃ ផែស្ងួត សូ ងួន បានថ្លែងបញ្ជាក់ប្រាប់កោះសន្តិភាពថា ទីតាំងដែលឆេះ មិនមែនទីតាំំងផែស្ងួត ទេ វាជាទីតាំងឃ្លាំងជួលនៅផ្លូវ ២៧១ ចំណែកទីតាំងផែស្ងួតគឺនៅផ្លូវវេងស្រេង មិនមានបញ្ហាអ្វីនោះទេ៕
ចែករំលែកព័តមាននេះ