រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កុមារ និងក្មេងជំទង់ ដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ ដោយកំណត់យកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខ តទៅ ។
តាមរយៈបណ្តាញព័ត៌មាន Fresh News ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុចាប់ពី១២ ដល់១៧ឆ្នាំ ទៅទទួលវ៉ាក់សាំង នៅថ្ងៃទី០១ ខែសីហាតែម្តង ក្នុងនោះក៏មានចៅៗ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត ក៏ទៅទទួលវ៉ាក់សាំង ផងដែរ ។
ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី១២ឆ្នាំ ទៅ១៧ឆ្នាំនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត និងជាចំណុចពិសេស ក្នុងការបើកដំណើរការសាលារៀនឡើងវិញ ដែលយ៉ាងហោចណាស់ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង ។
គួរជម្រាបថា នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
នៅរសៀលថ្ងៃទី២៣ កក្កដានេះដែរ ទីភ្នាក់ងារជំនួយអាមេរិក USAID បានអោយដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា នឹងដឹកមកដល់កម្ពុជាឆាប់ៗខាងមុខនេះហើយ ។
កាលពីម្សិលមិញនេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm Vaccine) របស់ចិន ចំនួន១លានដូសបន្ថែមទៀត ដែល ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល បានដឹកមកដល់កម្ពុជា រួចហើយដែរ ។
វ៉ាក់សាំង ពិតជាមានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈផែនការយុទ្ធសាស្ត្រនេះ កម្ពុជាបានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ១៦លានដូសហើយ ។
នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ ។
វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឲ្យបាន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ។ គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់ ៕
ចែករំលែកព័តមាននេះ