ខេត្តកំពង់ឆ្នាំង៖ ទឹកប្រាក់ចំនួន ៤០លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ នាំយកទៅប្រគល់ជូន និងសាកសួរសុខទុក្ខដល់ក្រុមគ្រួសារ ដែលមានសមាជិក បានស្លាប់ដោយសារ Covid-19 ក្នុងរយៈកាលកន្លងមក។ ពិធីនេះ បានធ្វើឡើងនៅក្នុងមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំដល់បងប្អូន ដែលមានសមាជិកគ្រួសារ បានស្លាប់ដោយសារជំងឺកូវីដ១៩។
ថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្តកំពង់ឆ្នាំង លោក សូមប្រគល់ជូននូវថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារ មានសមាជិកស្លាប់ ដោយសារជំងឺកូវីត១៩ ចំនួន ៨គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានថវិកា ៥លានរៀល។ ថ្វីបើប្រាក់ទាំងនេះ មិនច្រើនក៏ពិតមែន ក៏ប៉ុន្តែអាចជួយសម្រាលទុក្ខលំបាកបងប្អូនបានមួយគ្រាដែរ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកគ្រួសារ មានអ្នកស្លាប់ ដោយសារជំងឺដ៏កាចសាហាវមួយនេះ សូមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយគ្នានោះដែរ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ថា ជំងឺកូវីត បានរាតត្បាត ចូលដល់ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មានចំនួនអ្នកវិជ្ជមាន កើនឡើងដល់ជាង ១០០០នាក់ ដែលតួលេខនេះ ពិតជាព្រួយបារម្ភក្រៃលែង។ ចំណែកអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ គិតមកដល់ថ្ងៃនេះដែរ មានចំនួន ២១នាក់។ ប៉ុន្តែថ្ងៃនេះ ថវិកា ដែលខេត្ត ទទួលបានពីសម្ដេចតេជោ ហ៊ុន សែន លើកទី១ បានត្រឹមតែ ៨ នាក់ប៉ុណ្ណោះ ហើយនឹងបន្តប្រគល់ជូននៅវគ្គក្រោយៗទៀត រហូតដល់គ្រប់ចំនួន ត្រូវប្រគល់ជូនក្រុមគ្រួសារ មានសមាជិកស្លាប់ ដោយសារជំងឺកូវីតនេះផងដែរ។
ដោយឡែក លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នេះជាថវិការបស់សម្ដេចតេជោ ហ៊ុន សែន។ ប៉ុន្តែបងប្អូន ដែលមានសមាជិកស្លាប់ ដោយសារកូវីត១៩ នៅមានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលថែមទៀត តាមរយៈក្រសួងសង្គមកិច្ច ដែលមានមន្ទីរសង្គមកិច្ចជាសេនាធិការ ដោយហេតុនេះហើយ សូមឱ្យបងប្អូន ទាក់ទងទៅអាជ្ញាធរភូមិ ឃុំ ឬសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ ដើម្បីបើកប្រាក់បន្ថែមទៀត ពីរាជរដ្ឋាភិបាលតាមរយៈវីង។ បងប្អូនគ្រាន់តែទៅបំពេញឯកសារនៅតាមអាជ្ញាធរភូមិ ឃុំ ឬសង្កាត់ ដែលបងប្អូនរស់នៅ ហើយកិច្ចការបន្តឃុំ ឬសង្កាត់ គេនឹងធ្វើលិខិត រួចបើកប្រាក់ តាមរយៈវីង យកមកជូនបងប្អូនជាពុំខានឡើយ។ ចំពោះប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះ លោក មិនដឹងចំនួនប៉ុន្មានទេ ប៉ុន្តែប្រាក់ទាំងនោះ មិនស្មើគ្នានោះទេ គឺទៅតាមសមាជិកតិច ឬច្រើនផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលក្រុមគ្រួសារ មានសមាជិកស្លាប់ ដោយជំងឺកូវីត១៩ ទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាល៕ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ