រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា រដ្ឋាភិបាលចិន ឯកភាពផ្ដល់ថវិកាកម្ចីមកកម្ពុជា ក្នុងការសាងសង់ស្ពានមួយកន្លែង ក្នុងខេត្តក្រចេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសជួយជំរុញផ្នែកសេដ្ឋកិច្ច ថែមទៀតផង ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះដែរ នៅស្នាក់ការកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារទ្វេភាគី តាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ត្រូវបានបញ្ចប់ការសិក្សាហើយ ដោយត្រូវរង់ចាំការសម្រេចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះកិច្ចព្រមព្រៀង សាងសង់ស្ពាននាពេលខាងមុខ ។ ដោយគម្រោងនេះ គឺទទួលបានថវិកាកម្ចីពីប្រទេសចិន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឆ្លងកាត់ទន្លេមេគង្គ ខណៈបច្ចុប្បន្នពួកគាត់ឆ្លងកាត់ទន្លេដោយសាឡាងឬទូក ដ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងយ៉ាងដូច្នេះថា យើងខ្ញុំត្រៀមទទួលចម្លើយពី សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីត្រៀមចុះកិច្ចព្រមព្រៀងសាងសង់ស្ពាននៅខេត្តក្រចេះរបស់យើង ដែលមិត្តចិនរបស់យើងបានឯកភាពហើយ នឹងផ្ដល់ថវិកាកម្ចីមកសាងសង់ស្ពាននៅក្រចេះ ម្យ៉ាងវិញទៀត ផ្លូវពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង ក្រសួងបាននិងកំពុងកែលម្អ និងលើកកម្ពស់គុណភាពផ្លូវបានប្រវែង៩៣គីឡូម៉ែត្រហើយ ដែលជាជំនួយឥតសំណងរបស់មិត្តចិន ឥឡូវនេះមិត្តចិន កំពុងពិចារណាដើម្បីសាងសង់បន្ដទៀត រហូតដល់ព្រំដែនកម្ពុជា-ឡាវ ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងស្ពាន ជាច្រើនទៅដល់តំបន់ដាច់ស្រយាល ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយបានទាក់ទាញអ្នកវិនិយោគមកអភិវឌ្ឍ នៅកម្ពុជាកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ស្ពានមួយខ្សែនេះ មានប្រវែង ១,៧៦១ ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងប្រើប្រាស់រយៈពេលចន្លោះពី២ ទៅ៣ឆ្នាំ ៕
ចែករំលែកព័តមាននេះ