រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងរៀបចំបើកកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជា ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្មី ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែងដោយសារកត្តាសុខភាព ។
ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាប្រធាន គ.ជ.ប ថ្មី ។ កន្លងមក ពលរដ្ឋធ្លាប់បានស្គាល់ឯកឧត្តមជាអតីតអភិបាលខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ ។ តែយ៉ាងណាមិញ បើយោងតាមជីវប្រវត្តិដែលសារព័ត៌មានកោះសន្តិភាពទទួលបាន ឯកឧត្តម មានឈ្មោះដល់ទៅ៣ និងអាចចេះភាសា ៤ ភាសាផងដែរ ។
តោះមកដឹងជីវប្រវត្តិត្រួសៗអំពីទីកំណើត និងប្រវត្តិសិក្សា របស់ឯកឧត្តម ប្រាជ្ញ ចន្ទ បេក្ខជនតែម្នាក់ដែលនឹងត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានស្ថាប័នបោះឆ្នោត ជាថ្ងៃទី ២៤ ខែមិថុនា ខាងមុខនេះ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ជាអតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា មានគោត្តនាម និងនាម ប្រាជ្ញ ចន្ទ, នាមដើម កឹម ធុច និងមានឈ្មោះផ្សេងទៀតគឺ កឹម សុកផន ។ កើតនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ១៩៥៧ (គិតមកដល់បច្ចុប្បន្ន អាយុ ៦៤ ឆ្នាំ) ។ ទីកំណើត នៅភូមិត្រពាំងព្រីង ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។ ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សានៅ សាលាបឋមសិក្សាវត្តព្រែកាន់ ឃុំទូកមាស ស្រុក បន្ទាយមាស ខេត្តកំពតនៅឆ្នាំ១៩៦៥។
នៅឆ្នាំ១៩៦៥-១៩៦៩ សិក្សានៅអនុវិទ្យាល័យទូកមាស (សញ្ញាបត្របបឋមសិក្សា)។ ឆ្នាំ១៩៦៩-១៩៧១សិក្សានៅវិទ្យា ល័យព្រះរាជសម្ភា(ខេត្តកំពត សញ្ញាបត្រមធ្យមសិក្សា ភាគទី១។ ឆ្នាំ១៩៧១-១៩៧២ សិក្សានៅវិទ្យាល័យទួលស្វាយព្រៃ (សញ្ញាបក្សមធ្យមសិក្សា ភាគទី២) ។ ឯកឧត្តមប្រាជ្ញា ចន្ទ បានសិក្សាបញ្ចប់ការសិក្សាសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ។
ទាក់ទិននឹងប្រវត្តិការងារវិញ គឺឯកឧត្តមមានបទពិសោធន៍យ៉ាងក្រាស់ក្រែល ដោយក្នុងនោះពីបទពិសោធន៍ការងារនៅក្រសួងមហាផ្ទៃ និងតួនាទីជាអភិបាលខេត្តជាច្រើន ដូចខាងក្រោម ៖
១- ឆ្នាំ១៩៩១-១៩៩៤ លោកជាប្រធាននាយកដ្ឋានគ្រប់គ្រងខេត្ត នៃក្រសួងមហាផ្ទៃ។
២- ឆ្នាំ១៩៩៤-១៩៩៦ ជាប្រធាននាយកដ្ឋានរដ្ឋា បាលទូទៅ ក្រសួងមហាផ្ទៃ។
៣- ឆ្នាំ១៩៩៦-១៩៩៩ អគ្គនាយករងនៃអគ្គនា យកដ្ឋានរដ្ឋ បាលក្រសួងមហាផ្ទៃ។
៤-ឆ្នាំ១៩៩៩-២០០៩ អគ្គនាយកនៃអគ្គនាយកដ្ឋានដ្ឋបាល ក្រសួងមហាផ្ទៃ។
៥- ឆ្នាំ២០០១-២០១៣ ជាអភិបាលខេត្តបាត់ដំបង
៦- ឆ្នាំ២០១៤-២០១៧ ជាអភិបាលខេត្តត្បូងឃ្មុំ។
បន្ថែមពីលើនេះ ឯកឧត្តមប្រាជ្ញ ចន្ទ ចេះភាសាសរុប ៤ ភាសា រួមមានខ្មែរ បារាំង អង់គ្លេស និងវៀតណាម បន្តិចបន្តួច។ ឯកឧត្តម មានភរិយាឈ្មោះ ឱម សារី មានមុខរបជាមេផ្ទះ និងមានកូនស្រីចំនួន ២ នាក់ គឺកូនទី១ – ឈ្មោះ ចន្ទ សារជាតា (កើតឆ្នាំ ១៩៨០) ជាមន្ត្រីរាជការ និងទី២ – ឈ្មោះ ចន្ទ សុភា (១៩៨៦) ជាមន្ត្រីរាជការ។
សូមជម្រាបថា កន្លងមក មានបេក្ខភាព ២ រូបបានដាក់ពាក្យសុំធ្វើជាប្រធាន គ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ក្នុងនោះរួមមាន ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម កា លៀន ប៉ុន្តែគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១៦ ខែមិថុនា បានជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ដើម្បីឲ្យរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធាន គ.ជ.ប ថ្មី ។
សូមបញ្ជាក់ថា ឯកឧត្តម ប្រាជ្ញ ចន្ទ កាលពីខែមីនា ឆ្នាំ២០១៩ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តយល់ព្រមជ្រើសតាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា ។
គួររម្លឹកផងដែរថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ចំណុចសមាសភាពស្ថាប័នគ.ជ.ប បានចែងគជប មានសមាសភាពសរុប ៩ រូប ក្នុងនោះសមាសភាព៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤រូបទៀតត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរដ្ឋាភិបាល និងមួយរូបទៀតជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា ដែលជារួមគឺជារូបមន្ត (៤-៤-១) ដែលកាលនោះត្រូវបានព្រមព្រៀងគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រោយការចរចារាប់ខែលើការធ្វើវិសោតនកម្មរដ្ឋធម្មនុញ្ញ ស្តីពី គ.ជ.ប ៕
ចែករំលែកព័តមាននេះ