ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២១ មិថុនា ២០២១ ពិធីកាត់ខ្សែបូសម្ភោធដាក់ឱ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស នៅតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅយ៉ាងរីករាយ និងអធិកអធមក្រៃលែង ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលច្រើនរូបទទៀត ។
ចំណែកភាគីអូស្ត្រាលីមានភារធាវីស្ថានទូត និងលេខាធិការទី២ ព្រមទាំងអ្នកគ្រប់គ្រងក្រុមហ៊ុនរួមជាមួយអ្នកឯកទេសជាច្រើន បានចូលរួមក្នុងពិធីជាប្រវត្តិសាស្ត្រនេះផងដែរ ។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ២១ ខែមិថុនា បានឱ្យដឹងថា ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោន ក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត៩០ភាគរយ ។
ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម ថ្លែងនៅក្នុងពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីថា ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ៤៦២នាក់ ក្នុងនោះមានជនជាតិខ្មែរប្រមាណ៤២៧នាក់ និងបរទេស៣៥នាក់ ហើយអាចទាញចំណូលប្រមាណ១៨៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លារសហរដ្ឋអាមេរិក ។
នៅថ្ងៃទី២១ ខែមិថុនា នេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូងហើយនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាទិវាប្រវត្តិសាស្ត្រមួយដែលទើបតែកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា សម័យតេជោសែន ។
គួរបញ្ជាក់ថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត១៤ឆ្នាំ ក្នុងការសិក្សាស្វែងរុករកការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។
ឯកឧត្តមថ្លែងថា ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ១២០លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីសន្លាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ ៕
ចែករំលែកព័តមាននេះ