ខេត្តត្បូងឃ្មុំ៖ ជំងឺកូវីដ១៩ ដែលបានឆ្លងរីករាលដាលចេញពីព្រឹត្តិការណ៍២០ កុម្ភៈ ដោយបានឆ្លងពីខេត្តមួយទៅខេត្តមួយ ដែលបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។ ជាក់ស្ដែង ស្ត្រីវ័យ៤៦ឆ្នាំ រស់នៅភូមិជើងឡង សង្កាត់សួងក្រុងសួង មានជំងឺអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយបណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិត ជាមួយនោះក្រុមគ្រូពេទ្យបានប្រើឧបករណ៍តេស្តរហ័សក៏ឃើញវិជ្ជមានកូវីដ
១៩។
លោកជា ណារុន អភិបាលក្រុងសួងបានប្រាប់ឲ្យដឹងល នារសៀលថ្ងៃទី១៨ មិថុនា ២០២១ថា លោក ជា សុវណ្ណរិទ្ធ អាយុ ៤៨ឆ្នាំ និងលោកស្រី ឃាន គីមហួន អាយុ៤៦ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធ រស់នៅភូមិជើងឡង សង្កាត់សួង បន្ទាប់ពីប្រពន្ធមានអាការៈឈឺធ្ងន់ ក៏បានទៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីព្យាបាលជំងឺ បន្ទាប់ពីក្រុមគ្រូពេទ្យមានការសង្ស័យក៏ធ្វើតេស្តសំណាក (Rapid test) លទ្ធផល “មានវិជ្ជមានកូវីដ-១៩” ទាំង២នាក់ ហើយដោយជំងឺប្រពន្ធមានស្ថានភាពធ្ងន់ធ្ងរក៏បានស្លា.ប់នៅក្នុងមន្ទីរពេទ្យនៅល្ងាចថ្ងៃនោះ ។
អភិបាលក្រុងសួងប្រាប់បន្តឲ្យដឹងទៀតថា ក្រោយពីទទួលបាននូវព័ត៌មាននេះ ក្នុងនាមអាជ្ញាធរក្រុងសួងបានសហការជាមួយនឹងជំនាញសុខាភិបាលខេត្តមកដល់ព្រឹកថ្ងៃទី១៨ មិថុនា ក្រុមគ្រូពេទ្យបានចុះពិនិត្យមើលក្នុងនោះសរុបចំនួន៥២នាក់ ក្នុងនោះស្រី៣២នាក់ ដោយអ្នកប៉ះពាល់ផ្ទាល់១២នាក់ អ្នកប៉ះដោយប្រយោល៣៩នាក់ តាមរយៈការធ្វើតេស្តបានចំនួន២៩នាក់ លទ្ធផលឃើញវិជ្ជមានចំនួន២នាក់ ។
ហើយក្រុមការងារនឹងបន្តចុះប្រមូលសំណាកបន្ថែមទៀតនៅថ្ងៃទី១៩ មិថុនា នេះ ។ ជាមួយនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះថ្ងៃទី១៨ មិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការបិទចេញចូលជាបណ្ដោះអាសន្ននៅទីតាំងមន្ទីរសំរាកព្យាបាលនិងសម្ភពសុខ សំណាងដែលមានទីតាំងស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង និងបន្ទប់ពិនិត្យព្យាបាលជំងឺសាន ហុង(ខឹម ថុល) ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ covid-19 ក្នុងព្រឹត្តិការណ៍២០កុម្ភៈរយៈពេល១៤ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី១៨មិថុនា ឆ្នាំ 2021 រហូតដល់ថ្ងៃទី១កក្កដាឆ្នាំ២០២១។
អភិបាលក្រុងសួងបញ្ជាក់ថា ចំពោះទីតាំងទាំងពីរដែលត្រូវបានបិទនេះដោយសារតែមានការពាក់ព័ន្ធជាមួយនឹងស្ត្រីវិជ្ជមានកូវីដ១៩ ដែលស្លាប់នោះ ។ អាជ្ញាធរសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលមានការពាក់ព័ន្ធជាមួយនឹងស្ត្រីដែលផ្ទុកវិជ្ជមានកូវីដរូបនេះ សូមប្រញាប់មកយកសំណាកដើម្បីចៀសវាងកុំឲ្យជំងឺនេះឆ្លងចូលក្នុងសហគមន៍។ អាជ្ញាធរមានជំនឿយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនិងរួមសហការដើម្បីឱ្យកិច្ចការនេះដំណើរការទៅដោយជោគជ័យដើម្បីលុបបំបាត់ជំងឺកូវីដ១៩ ៕
ចែករំលែកព័តមាននេះ