ខេត្តកំពង់ចាម៖ ក្រោយពីមានករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ចំនួន ២៦នាក់ នៅចំនួន ១១ភូមិ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ត្រូវបានអាជ្ញាធរបិទខ្ទប់ ចំនួន ៤៥ផ្ទះ។ រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ហេង វណ្ណនី អភិបាលរងខេត្ត អមដំណើរដោយជំនាញសុខាភិបាល បានចុះត្រួតពិនិត្យមើលតាមខ្នងផ្ទះដោយផ្ទាល់ និងបានដាក់ផែនការពង្រឹងការយកចិត្តទុកដាក់ ធ្វើយ៉ាងណា កុំឱ្យឆ្លងចូលក្នុងសហគមន៍។
លោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ ឲ្យដឹងថា ដំបូង អ្នកជំងឺកូវីដ ត្រូវបានរកឃើញ ដោយអ្នកភូមិម្នាក់ ឈ្មោះ បួរ ឡុងហួរ អាយុ ៥៥ឆ្នាំ ផ្ទុកវិជ្ជមានកូវីដ១៩ ក្រោយមកបានស្លាប់ នៅមន្ទីរពេទ្យ ព្រោះតែជំងឺមានសភាពធ្ងន់ធ្ងរពេក។
ជាមួយនោះ អាជ្ញាធរបានសហការជាមួយជំនាញសុខាភិបាល បានចុះយកសំណាក ចំនួនពីរលើក បានរកឃើញមានចំនួន ១៤នាក់ នៅតាមភូមិនានា ក្នុងឃុំព្រែករំដេង ហើយរហូតមកដល់ព្រឹកថ្ងៃទី១៤ មិថុនា បានធ្វើតេស្តដោយឧបករណ៍រហ័ស លើប្រជាពលរដ្ឋប្រុសស្រី ចំនួន ៥០នាក់ ក្នុងនោះ បានរកឃើញ ១២នាក់បន្ថែមទៀត។ ដូច្នេះខ្នងផ្ទះ និងត្រូវបិទខ្ទប់បន្ថែមទៀត ដើម្បីបង្ការ កុំឲ្យឆ្លងកូវីដ។
អភិបាលស្រុកស្រីសន្ធរ បន្តថា ជាមួយនោះ អាជ្ញាធរ បាននាំយកប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន ៥២នាក់ ដែលពាក់ព័ន្ធនឹងអ្នកភូមិ ត្រូវយកមកធ្វើចត្តាឡីស័ក នៅវិទ្យាល័ យហ៊ុន សែន ប៉េង ហួត ស្វាយតានាន់។ ចំណែកបងប្អូនខ្មែរឥស្លាមចំនួន ១៣នាក់ទៀត ត្រូវបានធ្វើចត្តាឡីស័ក នៅសាលាខ្មែរឥស្លាម។ ដោយឡែកកម្មករកម្មការិនី ចំនួន ៤៨នាក់ ដែលធ្វើការនៅរោងចក្រ សេវេន អេនជី កំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្រីសន្ធរ បានជិត ១០ថ្ងៃហើយ និងកម្មករកម្មការិនី ចំនួន ៥៨នាក់ កំពុងធ្វើចត្តាឡីស័ក នៅក្នុងឃុំប្រាំយ៉ាម តាមរយៈការធ្វើតេស្ត លើកទី២ នាពេលកន្លងទៅ ឃើញវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់ នាពេលកន្លងទៅ។ អ្នកឆ្លងកូវីដទាំងនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។
លោកអភិបាលស្រុក បន្តថា ដោយមានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុកបានរៀបចំ និងចុះពង្រឹងគោលដៅចំនួន៥ នៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដោយមិនឱ្យប្រជាពលរដ្ឋ ចេញពីលំនៅឋានឡើយ គឺធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ នៅសាលាឃុំព្រែករំដេង ដោយហាមមិនឲ្យសមាជិកម្ចាស់ផ្ទះ ទទួលភ្ញៀវណា មកពីក្រៅនោះទេ ត្រូវចេះការពារខ្លួនឲ្យបានហ្មត់ចត់ ដើម្បីបង្ការកុំឲ្យឆ្លងកូវីដ១៩។ ក្នុងនោះ អាជ្ញាធរ ក៏ត្រូវស្រាវជ្រាវបន្ត រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ ពេលមកធ្វើចត្តាទ្បីស័ក នៅតាមមណ្ឌល ត្រូវអោយបុគ្គលនោះ ពាក់ម៉ាសអោយបានត្រឹមត្រូវ ដោយដាក់សន្តិសុខជាមួយប្រចាំការ រួមជាមួយសមត្ថកិច្ច ក្នុងនោះ មានបំពាក់ប្រព័ន្ធភ្លើងអគ្គិសនី សម្រាប់ប្រើប្រាស់ព្រមទាំងផ្គត់ផ្គង់អាហារគ្រប់គ្រាន់។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំអាជ្ញាធរសមត្ថកិច្ច ត្រូវរៀបចំមណ្ឌលចត្តាទ្បីស័កបន្ថែម នៅក្នុងស្រុកស្រីសន្ធរ។ អាជ្ញាធរភូមិឃុំ ក៏ត្រូវជួយសម្រួល ដើម្បីបង្កើតជាមណ្ឌលចត្តាឡីស័ក ជាមួយនោះ ត្រូវតែប្រយ័ត្ន មិនឲ្យអ្នក ដែលមកធ្វើចិត្តាឡីស័ក រត់ចេញពីមណ្ឌលនោះទេ។ ក្នុងនោះ ក៏ត្រូវបង្ការ កុំឲ្យឆ្លងទៅដល់អ្នកដទៃ ប្រសិនបើអ្នកនោះ ផ្ទុកវិជ្ជមានកូវីដ និងបន្តឆ្លងទៅអ្នកផ្សេងទៀត។
បន្ទាប់ពីមានផ្ទុកកូវីដ នៅតាមខ្នងផ្ទះជាច្រើនខ្នង មន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋាន ត្រូវល្បាតទាំងថ្ងៃទាំងយប់ ដើម្បីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ បង្ការទប់ស្កាត់ចោរកម្មនានា។ ការជួបជុំប្រាស្រ័យទាក់ទងគ្នា ក៏ត្រូវហាម កុំឲ្យមាន ដើម្បីកុំឲ្យជំងឺនេះ ឆ្លងរីករាលដាលពីមនុស្សម្នាក់ ទៅម្នាក់ទៀត។
លោក ហេង វណ្ណនី អភិបាលរងខេត្ត ដែលទទួលបន្ទុកចំនួនពីរស្រុក គឺកោះសូទិន និងស្រីសន្ធរ ក៏បានណែនាំអាជ្ញាធរសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ឱ្យបានល្អប្រសើរ។
ជាមួយនោះ មន្ត្រីនៅមូលដ្ឋាន ត្រូវចាក់សាររបស់ក្រសួងសុខាភិបាលតាមមេក្រូ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្ថែមទៀត ពីជំងឺកូវីដ។ អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវយកចិត្តទុកដាក់ ដោយផ្ទះណា ដែលមិនម៉ាស ត្រូវចែកម៉ាស អោយពួកគាត់ពាក់ ដើម្បីសុវត្ថិភាព ព្រោះរដ្ឋបាលខេត្ត បានចែកជូនដល់អាជ្ញាធរស្រុករួចរាល់ហើយ នាពេលកន្លងទៅ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ត្រូវជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ត្រូវពាក់ម៉ាស់អោយបានជាប់ជាប្រចាំ យកម៉ាស់មួយម៉ឺន មកចែកជូនដល់ប្រជាពលរដ្ឋ ប្រើប្រាស់ រួមនឹងមានអាកុលឬសាប៊ូលាងដៃ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងទៅកន្លែងផ្សេង។ ស្រង់ឈ្មោះប្រជាពលរដ្ឋទាំង ៤៥ខ្នងផ្ទះ រាយការណ៍ទៅប្រធានក្រុមការងារ ចុះជួយឃុំ ដើម្បីឲ្យបានដឹង និងចែកអំណោយជូនដល់ពួកគាត់ ក្នុងនោះ មានអង្ករ និងមី ជាដើម ជាការលើកកម្លាំងចិត្តដល់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ព្រឹត្តិការណ៍២០កុម្ភៈ ត្រូវចុះស្រង់ឈ្មោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ត្រូវតែត្រៀមចែកអំណោយជូនដល់ពួកគាត់ និងតាមរយៈតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចំនួន ៣រូប ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាត។
លោកអភិបាលខេត្តបន្តថា ជាមួយនោះ អ្នកស្រុក ត្រូវយកចិត្តទុកដាក់តាមដាន អ្នកចំណូលស្រុក មកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ ធ្វើយ៉ាងណា គ្រប់គ្រងឲ្យបាន ដើម្បីបង្ការកុំឲ្យឆ្លងគូវីដ។ បើមានការសង្ស័យ ត្រូវយកអ្នកនោះមកធ្វើចត្តាឡីស័ក ប្រសិនបើមានការសង្ស័យ បើសិនជាមានការគេចវេសនោះសមត្ថកិច្ច និងត្រូវចាប់ការតាមច្បាប់ មិនមានការលើកលែងនោះទេ។ មេភូមិមេឃុំ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ប្រធានមណ្ឌខសុខភាព ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអ្នកចំណូលស្រុក ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាន កុំឱ្យមានការរីករាលដាលឆ្លងនៃជំងឺកូវីដ។ មេឃុំ មិនត្រូវមានការខ្មាស់អៀននោះទេ ពេលដែលឃើញតួលេខចំនួនអ្នកផ្ទុកកូវីដ មានការកើនឡើង មិនមែនជាកំហុសរបស់យើងទេ។ ត្រូវតែបន្តសាមគ្គីគ្នា ទៅមុខទៀត ធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងនឹងកូវីដ ឲ្យមានការថមថយ ត្រូវតែអប់រំសមាជិកក្រុមគ្រួសារ ធ្វើយ៉ាងណា ឱ្យពាក់ម៉ាស់ ហាមជួបប្រាស្រ័យទាក់ទងគ្នាច្រើន បង្ការ កុំឲ្យឆ្លងជំងឺ។
បន្ទាប់ពីចប់ការប្រជុំនៅសាលាឃុំព្រែករំដេង ឯកឧត្តមអភិបាលខេត្ត និងសហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ និងត្រួតពិនិត្យផ្សារព្រែករំដេង និងចូលទៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ជាកន្លែងបិទខ្ទប់។
ឯកឧត្តម អភិបាលខេត្ត ក៏បានប្រកាសថា សមត្ថកិច្ច ត្រូវតាមដានធ្វើយ៉ាងណា មិនឲ្យអាជីវករលក់ដូរនោះទេ ជាមួយនោះ អាជ្ញាធរខេត្ត ក៏បានសួរសុខទុក្ខអាជីវករ ដែលកំពុងធ្វើចត្តាទ្បីស័ក នៅតាមខ្នងផ្ទះ សូមអោយមានភាពអត់ធ្មត់ ហើយរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមវិធានរបស់ក្រសួងសុខាភិបាល៕ ចាន់ ថេត
ចែករំលែកព័តមាននេះ