ប្រទេសមីយ៉ាន់ម៉ា៖ គ្រូបង្រៀនប្រមាណជាជាង ១២៥,០០០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្អាកការបង្រៀនរបស់ពួកគេ ដើម្បីចូលរួមធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ កន្លងទៅ នេះបើយោងតាមការថ្លែងប្រាប់របស់សហព័ន្ធគ្រូបង្រៀន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ័យទ័រ ចេញព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបន្តថា ការផ្អាកបង្រៀននេះបានធ្វើឡើងប៉ុន្មានថ្ងៃ មុនឆ្នាំសិក្សាថ្មីបានមកដល់។ គ្រូនិងឪពុកម្តាយមួយចំនួន បានកំពុងធ្វើពហិការ ដើម្បីជំនួយជាស្មារតីនៃយុទ្ធនាការប្រឆាំងតវ៉ានឹងរបបយោធារបស់ប្រជាពលរដ្ឋដែលកំពុងទាមទាឱ្យមានលិទ្ធប្រជាធិបតេយ្យមកវិញ ក៏ព្រោះតែប្រទេសបានធ្លាក់ចូលក្នុងរបបយោធាជាច្រើនទសវត្សរ៍មកហើយ ដូចនេះប្រជាជនមិនចង់បានរបបយោធាមកគ្រប់គ្រងប្រទេសទៀតទេ។
យោងតាមការថ្លែងប្រាប់ ជាផ្លូវការរបស់មន្ត្រីសហព័ន្ធគ្រូបង្រៀន បានបន្តថា ៖ «គ្រូបង្រៀនប្រមាណជាជាង ១២៥,៩០០ បានផ្អាកការចូលបង្រៀនរបស់ពួកគេកាលពីថ្ងៃសៅរ៍»។ លោកថា លោកក៏មានឈ្មោះក្នុងបញ្ជីរបស់យោធា ដែលចង់ចាប់ខ្លួនលោក និងបានចោទប្រកាន់លោកពីបទញុះញង់ធ្វើឱ្យខូចការទុកចិត្ត។ គួរជម្រាបផងដែរថា ប្រទេសមីយ៉ាន់ម៉ាមានគ្រូបង្រៀនប្រមាណជាជាង ៤៣០,០០០ នាក់ បើយោងតាមទិន្នន័យកាលពី ២ឆ្នាំមុន។ មន្ត្រីសហព័ន្ធគ្រូបង្រៀន បានបន្តទៀតថា៖ «របបយោធាបានចេញសេចក្តីប្រកាស ដែលគំរាមគំហែងមនុស្សជាច្រើនឱ្យចូលធ្វើការងារវិញ ប្រសិនជាពួកគេមិនព្រមធ្វើការវិញពួកគេត្រូវបណ្តេញពីការងារទាំងអស់»។ លោកថាលោកនឹងត្រូវចាប់ខ្លួននិងរងពីបទញុះញង់ ប្រសិនជាលោកត្រឡប់មកវិញ។ សារព័ត៌មានរ័យទ័រមិនអាចទាក់ទង អ្នកនាំពាក្យរបបយោធា ឬក្រសួងអប់រំ ដើម្បីសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែកាសែត Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋនេះ បានអំពាវនាវ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សឱ្យត្រឡប់ទៅសាលារៀនវិញ ដើម្បីឱ្យប្រព័ន្ធអប់រំចាប់ផ្តើមឡើងវិញ។ នៅក្នុងការដំណើរការប្រព័ន្ធសុខភាព សាលារៀន និងវិស័យជំនួយឬអាជីវកម្មនានា ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរអាក់រអ៊ួល និងធ្លាក់ក្នុងភាពច្របូកច្របល់ តាំងពីថ្ងៃធ្វើរដ្ឋប្រហាររបស់របបយោធា និងបានចាប់ខ្លួនលោកស្រីអ៊ុងសានស៊ូជី មកម្ល៉េះ។ មិនត្រឹមតែគ្រូបង្រៀនតាមសាលារៀន មិនព្រមចូលបង្រៀននោះទេ គ្រូនិងបុគ្គលិកដែលធ្វើការនៅតាមសាកលវិទ្យាល័យប្រមាណជាជាង ១៩,៥០០នាក់ ក៏បានធ្វើពហិការមិនចូលបង្រៀនដែរ។
កិច្ចសំភាសន៍ជាមួយ ឪពុកម្តាយ ដែលបានទុកកូនចៅរបស់ពួកគេនៅផ្ទះ ក្នុងប្រទេសមីយ៉ាន់ម៉ា នៅដើម្បីខែក្រោយ (ខែមិថុនា) គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ប៉ុន្តែមានឪពុកម្តាយជាច្រើនមិនបានចុះឈ្មោះឱ្យកូនៗចូលរៀននោះទេ ដោយពួកគេមានគម្រោងមិនឱ្យកូនៗទៅសាលា។ លោកស្រី Myint មានអាយុ 42ឆ្នាំ បាននិយាយថា៖«ខ្ញុំមិនចុះឈ្មោះឱ្យកូនស្រីរបស់ខ្ញុំចូលរៀននោះទេ ព្រោះខ្ញុំមិនចង់ឱ្យកូនស្រីរៀនអំពីរបបផ្ដាច់ការនៃពួកយោធាទេ។ ម្យ៉ាងវិញទៀតខ្ញុំ បារម្ភពីសុវត្ថិភាពរបស់នាង ព្រោះនាងទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ»។
ក្រុមនិស្សិតរាប់រយនាក់ ដែលអ្នកធ្វើការតវ៉ានាំរៀងរាល់ថ្ងៃ និងជាកំលាំងនាំមុខគេ ត្រូវបានក្រុមរបបសន្តិសុខសម្លាប់រាប់រយនាក់ ក៏បានធ្វើពហិការមិនចូលសាលាវិញដែរ។ សិស្សម្នាក់ដែលមានអាយុ១៨ បាននិយាយថា៖«ខ្ញុំមិនចូលសាលាវិញទេ ដ៏រាបណាយើងទទួលបានលិទ្ធិប្រជាធិបតេយ្យមកវិញ»។
ប្រព័ន្ធសិក្សាឬប្រអប់រំនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់ ដោយប្រព័ន្ធអប់រំក្នុងប្រទេសមួយនេះទទួលបានចំណាត់ថ្នាក់ទី៩២ ក្នុងចំណោម ៩៣ ប្រទេសនៅទូទាំងពិភពលោក នេះបើយោងតាមការស្ទង់មតិនៅទូទាំងពិភពលោក កាលពីឆ្នាំមុន។
សូម្បីតែនៅក្រោមការដឹកនាំរបស់លោកស្រីស៊ូជី ដែលបានទទួលជោគជ័យខាងការអប់រំក៏ដោយ ក៏ស្តារនៃប្រព័ន្ធអប់រំនៅទាបជាង ២ ភាគរយផងដែរ នោះជាអត្រាទាបបំផុតមួយនៅលើពិភពលោក យោងតាមតួលេខរបស់ធនាគារពិភពលោក។ រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតឡើងដោយក្រុមប្រឆាំងនៃរបបយោធា បាននិយាយថា ខ្លួននឹងធ្វើអ្វីៗទាំងអស់ ដែលអាចធ្វើបាន ដើម្បីគាំទ្រដល់គ្រូនិងនិស្សិតទាំងនោះ ដោយអំពាវនាវឱ្យម្ចាស់ជំនួយបរទេស បញ្ឈប់ការផ្តល់ថវិកាដល់ក្រសួងអប់រំ ដែលបច្ចុប្បន្នគ្រប់គ្រងដោយរបបយោធា។
អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិ បាននិយាយ តាមអ៊ីមែលមកកាន់សារព័ត៌មានរ័យទ័រថា៖ «យើងនឹងធ្វើការជាមួយអ្នកអប់រំមីយ៉ាន់ម៉ា ដែលបានបដិសេធមិនគាំទ្ររបបយោធា ដែលឃោរឃៅនេះ។ ហើយលោកគ្រូនិងអ្នកគ្រូដ៏ពូកែទាំងនេះ នឹងមិនត្រូវបោះបង់ចោលឡើយ»៕
ចែករំលែកព័តមាននេះ