រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនសង្ស័យជាក្មេងរើសអេតចាយ២នាក់បងប្អូនបង្កើត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែក ធ្វើការចាប់ឃាត់ខ្លួនក្រោយពីពួកគេជិះកង់ឌុបគ្នាចូលទៅធ្វើសកម្មភាពលួចកូនធុងបាស់តូចមួយគ្រឿងពីក្នុងកន្លែងជួសជុលរថយន្តមួយកន្លែង ហើយម្ចាស់គេឃើញទាន់ស្រែកឆោឡោផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចជួយដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្ដងនោះ។ ការចាប់ខ្លួននេះដែរ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចការាស់ជួសជុលរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តថា យុវជនសង្ស័យទាំង២នាក់ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ទី១-ឈ្មោះ ហេង ហេរ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ (ជាបង) និងទី២-ឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ១៤ឆ្នាំ( ជាប្អូន) ពួកគេទាំង២នាក់ មានមុខរបរដើររើសអេតចាយ និងទីលំនៅមិនពិតប្រាកដ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/05/9f61408e3afb633e50cdf1b20de6f466-19.jpg)
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាជាងជួសជុលរថយន្តបានទុកកូនធុងបាស់របស់ខ្លួននៅលើកៅអីក្នុងកន្លែងជួសជុលរថយន្តរបស់ខ្លួន ហើយក៏បានចូលទៅហូបបាយនៅខាងក្នុង។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/05/b53b3a3d6ab90ce0268229151c9bde11-21.jpg)
ប្រភពដដែលប្រាប់បន្តថា ខណៈពេលដែលបុរសជាជាងជួសជុលរថយន្តកំពុងតែអង្គុយហូបបាយនោះ ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានដើរចូលទៅលួចយកកូនធុងបាស់របស់ខ្លួនពីក្នុងការ៉ាស់ជួសជុលរថយន្តខាងលើតែម្តង ។ ពេលនោះ បុរសជាជាងជួសជុលរថយន្តក៏បានស្រែកឆោឡោ រួចរត់ដេញតាម និងបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចដែលកំពុងតែធ្វើការល្បាត ជួយដេញចាប់បានទាំងពីរនាក់ រួមទាំងកង់មួយគ្រឿងដែលជិះឌុបគ្នាមកធ្វើសកម្មភាពភ្លាមៗតែម្ដង។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/05/a684eceee76fc522773286a895bc8436-19.jpg)
ក្រោយពីកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនជាជនសង្ស័យទាំង២នាក់បងប្អូនបង្កើតខាងលើបានភ្លាម ក៏នាំខ្លួនទៅកាន់នគរបាលប៉ុស្តិ៍បឹងត្របែក ដើម្បីធ្វើការសួរនាំ និងប្រគល់កូនធុងបាសតូចមួយគ្រឿងនោះទៅឱ្យបុរសជាជាងជួសជុលរថយន្តវិញផងដែរ ។ ហើយដោយសារតែពួកគេ (ជនសង្ស័យ) ជាអនីតិជន សមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ និងដោះលែងឲ្យទៅវិញ ចំណែកឯម្ចាស់ធុងបាស់ ក៏មិនបានដាក់ពាក្យបណ្ដឹងអ្វីឡើយ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/05/d82c8d1619ad8176d665453cfb2e55f0-17.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/05/72b32a1f754ba1c09b3695e0cb6cde7f-16.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/05/66f041e16a60928b05a7e228a89c3799-18.jpg)
ចែករំលែកព័តមាននេះ