រាជធានីភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្អាកយកថ្លៃទឹកដល់សិស្ស និស្សិត និងកម្មករនៅតំបន់បិទខ្ទប់។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញនៅថ្ងៃទី៩ ឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃទឹកដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់។
យោងតាមប្រសាសន៍អំពាវនាវខាងលើនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋានផ្ទះជួលដែលកម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់។
ជាមួយគ្នានោះរដ្ឋាករទឹកបានស្នើឲ្យ ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោក លោកស្រីទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ ព្រមទាំងចូលអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ពុំ ពាការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ចែករំលែកព័តមាននេះ