ខេត្តកំពត ៖ រាជរដ្ឋាភិបាលបានសម្រេចកាត់យកឃុំបីរបស់ស្រុកទឹកឈូ ដើម្បីបង្កើតក្រុងបូកគោ ហើយនៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០២១ខាងមុខនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងថ្មីនឹងត្រូវធ្វើឡើងលើកទី១ អភិបាលខេត្តកំពតយល់ឃើញថា ការបង្កើតក្រុងថ្មីនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិបាលកិច្ចល្អផង និងជួយបន្លឿនការអភិវឌ្ឍន៍ខេត្តផង។
ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំនិងជាអង្គបោះឆ្នោតឃុំចំនួន៣ ក្នុងស្រុកទឹកឈូដែលនឹងត្រូវកាត់ចេញដើម្បីបង្កើតក្រុងបូកគោ នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមជាវ តាយអភិបាលខេត្តកំពតបានលើកឡើងថា៖ ខេត្តកំពតមានចំណុចល្អដែលគួរឲ្យមានមោទនភាពច្រើនណាស់ដូចជា៖ ស្របពេលដែលរាជធានី និងបណ្តាខេត្តផ្សេងៗ កំពុងមានពលរដ្ឋកើតជំងឺកូវីដ១៩ច្រើន ខេត្តកំពតបច្ចុប្បន្នមានតែ៦នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល , ហើយយប់ថ្ងៃទី៦ខែឧសភាឆ្នាំ ២០២១រាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនបានរងគ្រោះដោយព្យុះភ្លៀង និងខ្យល់កន្ត្រាក់រលំ ខូចខាតដំណាំ ផ្ទះសំបែង តែកំពតអត់មានអ្វីគួរឲ្យកត់សំគាល់នោះទេ។
ជាងនេះទៅទៀត ថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចឲ្យខេត្តកំពត បង្កើតក្រុងបូកគោមួយថ្មីបន្ថែមទៀត ដែលការបង្កើតក្រុងបន្ថែមនេះ អាចជួយធ្វើឲ្យខេត្តកំពតកាន់តែមានភាពល្អប្រសើរលើការងារអភិបាលកិច្ចល្អរបស់ខ្លួនថែមទៀតផង។ លោកអភិបាលខេត្តបានបន្ថែមទៀតថា៖ ឃុំបីនៃស្រុកទឹកឈូ មានឃុំព្រែកត្នោត ឃុំកោះតូច និងឃុំបឹងទូក ដែលត្រូវកាត់មកបង្កើតជាក្រុងបូកគោនេះ មានសក្តានុពលខ្លាំងលើវិស័យ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចដែលបច្ចុប្បន្នមានអ្នកវិនិយោគជាច្រើន គ្រោងនិងអភិវឌ្ឍន៍ក្រុមហ៊ុនវិនិយោគខ្លួននៅតំបន់នេះផងដែរ។ លោកអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា៖ ការបង្កើតក្រុងថ្មីនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយបង្កើនប្រសិទ្ធិភាពការងារអភិបាលកិច្ចល្អផង និងជួយពន្លឿនការអភិវឌ្ឍន៍នៅក្នុងខេត្តកំពតផង ពិសេសតំបន់ក្នុងក្រុងបូកគោនោះតែម្តង ហើយប្រជាជននឹងមានជីវភាពកាន់តែធូរធារជាងមុនផងដែរ។
ដំណើរចុះសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្តកំពតនាពេលនេះគឺ៖ដើម្បីពង្រឹងស្មារតីឆន្ទៈអង្គបោះឆ្នោត ឲ្យមានការត្រៀម លក្ខណៈ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ ឲ្យមានប្រសិទ្ធភាពនិងមានភាពរលូន ស្របតាមច្បាប់ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាស្របតាមលិខិតបទដ្ឋាន និងការណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលផងដែរ៕ ដោយ៖ ប្រាក់ សារិទ្ធ
ចែករំលែកព័តមាននេះ