រាជធានីភ្នំពេញ ៖ ផ្ទះលក់គ្រឿងអេឡិចត្រនិចមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សរងរបួស ឬស្លាប់បាត់បង់ជីវិតនោះឡើយ ហើយគ្រឿងអេឡិចត្រនិចបានរងការខូចខាតទាំងស្រុង ។
ចំណែកអាជ្ញាធរបាន និងសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចេញទៅបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង និងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងខ្លះៗដែរ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថៃ្ងទី០៨ ខែឧសភា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ផ្ទះដែលត្រូវភ្លើងឆេះនោះ ជាប្រភេទផ្ទះថ្មល្វែងទំហំ៤ម៉ែត្រ គុណនឹង១៦ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ អោង លក្ខណារី ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរជាអាជីវករលក់ឧបករណ៍អេឡិចត្រូនិច ហើយគ្រោះអគ្គិភ័យខាងលើនេះ បង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកកើតហេតុក្រោយពេលភ្ញាក់ពីដំណេកម្ចាស់ផ្ទះបានបើកទ្វារលក់ដូរជា ធម្មតា ខណៈនោះស្រាប់មានឧប្បត្តិហេតុឆ្លងចរន្តអគ្គិសនីកើតឡើង នៅក្នុងផ្ទះកើតហេតុនេះ ។ ខណៈនោះបង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងឆាប់រហ័ស ហើយភ្លាមៗនោះអ្នកភូមិបាននាំគ្នាជួយដងទឹកជះពន្លត់ព្រមទាំងយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ជាច្រើនបំពង់ដែរ ប៉ុន្តែពុំបានរលត់ឡើយ ។
ប្រភពដដែលបានបន្តថា ពេលនោះបានធ្វើឲ្យមានការភិតភ័យគ្រប់គ្នា ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះ ភ្លាមកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានផ្ដល់ដំណឹងទៅកាន់រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ។ ខណៈនោះរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៥គ្រឿង ចេញទៅពន្លតដោយប្រើប្រាស់ទឹកអស់១រថយន្តស្មើនឹង៤ម៉ែត្រគូបទើបរលត់ទៅវិញទាំងស្រុង ៕
ចែករំលែកព័តមាននេះ