ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ បានឃាត់មេខ្យល់ម្នាក់បម្រុងនាំពលករ២នាក់លួចឆ្លងទៅប្រទេសថៃ នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី០៣ ឧសភា ស្ថិតក្បែរព្រំដែនស្ថិតភូមិអាងសីឡា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួនឈ្មោះ សេន រតនា ហៅជីត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងពលករ២នាក់ ឈ្មោះ វ៉ន ដែន ភេទប្រុសអាយុ២៦ឆ្នាំ និងឈ្មោះ វ៉ាន់ សាល ភេទប្រុសអាយុ២៨ឆ្នាំ ដែលរស់នៅភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា នៅពេលកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រឃុំអូរបីជាន់បានចេញល្បាតរួមជាមួយកម្លាំងយោធាបានប្រទះឃើញពលករ២នាក់ដែលមេខ្យល់បម្រុងនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ដើម្បីរកការងារធ្វើ ហើយត្រូវកម្លាំងឃាត់ទាំងបីនាក់បញ្ជូនប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
លោកបានបញ្ជាក់ទៀតថាតាមសំដីពលករខ្មែរ២នាក់ បានអោយដឹងគឺពួកគាត់បម្រុងឆ្លងដែនទៅប្រទេសថៃ ដើម្បីរកការងារធ្វើតាមរយៈមេខ្យល់ឈ្មោះ សេន រតនា ហៅជីត ក្នុងយកតំលៃ៥,០០០បាត ដោយសន្យាជូនដល់កន្លែងធ្វើការងារប្រទេសថៃតែត្រូវបានកម្លាំងសមត្តកិច្ចឃាត់ ។ ក្រោយពេលសាកសួរហើយពលករ២នាក់បញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនិងមេខ្យល់កសាងសំណុំរឿងបញ្ជូនសាលាដំបូងចាត់ការតាមច្បាប់ ។ ដោយ៖ ប៊ុនធឿន
ចែករំលែកព័តមាននេះ