ខេត្តសៀមរាប ៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សារៀបចំផែនការត្រៀមទប់ស្កាត់ការរីករាលដាលដោយសារជំងឺកូវីដ-១៩ ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពមួយចំនួន អភិបាលក្រុងសៀមរាប និងដៃគូឯកជនពាក់ព័ន្ឋមួយចំនួនផងដែរ ។
ក្រោយពីពិភាក្សារួចកិច្ចប្រជុំនេះបានដាក់ផែនការមួយចំនួនរួមមាន ៖ ត្រៀមរៀបចំឱ្យអាជីវករក្នុងផ្សារនានាទូទាំងក្រុង និងខេត្ត សៀមរាប ដោយគិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយដោយគិតពីគម្លាតសង្គមជាសំខាន់ ដើម្បីជៀសផុតពីហានិភ័យដោយសារជំងឺកូវីដ-១៩ ។
រៀបចំផែនការ និងវិធានការ កាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ក្នុងករណីតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ក្តី ក៏ត្រូវបានគិតគូរលើការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស ម្ហូបចំណីចាំបាច់នៅតែមានលក់លើទីផ្សារ ។ ការរៀបចំកម្មវិធីដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ និងការទិញតាមអនឡាញ ដោយលើកទឹកចិត្តដល់អ្នករ៉ឺម៉កសម្រាប់បំរើសេវាដឹកជញ្ជូន ជា ពិសេសអ្នករ៉ឺម៉កដែលបានចាក់វ៉ាក់សាំងហើយ បង្កើតទំនាក់ទំនងជាមួយអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត អ្នកលក់ដូរតូបតាមផ្សារ និងអ្នករ៉ឺម៉កឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ ជំរុញដល់ភ្នាក់ងារទេសចររណ៍ ប្រតិបត្ដិករទេសចរណ៍ អ្នកបំរើសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានឆាប់និងគ្រប់ៗគ្នា ដើម្បីខេត្តសៀមរាប អាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ ។
ឃុំអ្នកជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩ -ជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមផែនការរបស់រាជរដ្ឋាភិបាល បង្កើតទំនាក់ទំនងអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត ។
រៀបចំកម្មវិធី ដើម្បីបង្ករភាពងាយស្រួលដល់អ្នកលក់ដូរតូបតាមផ្សារ និងអ្នកបោះដុំ និងរ៉ឺម៉កឱ្យប្រើប្រាស់ប្រព័ន្ធធនាគារ ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនជាអាជីវករទាំងអស់ កុំឆ្លៀតឱកាសតម្លើងថ្លៃរាល់ទំនិញទាំងឡាយ ដើម្បីកេងចំណេញក្នុងអំឡុងពេលកូវីដ-១៩ ពិសេសបិទខ្ចប់ដែលមានហានិភ័យខ្ពស់ ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ទាំងអ្នកបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់បានចាក់ ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងជាការលើកទឹកចិត្តដល់ កងកម្លាំង ក្រុមការងារសុខាភិបាល ។
៣ការពារ ៖ ត្រូវពាក់ម៉ាស, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ។ ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕
ចែករំលែកព័តមាននេះ