រាជធានីភ្នំពេញ ៖ កម្មករ កម្មាការីនីរបស់រោងចក្រកាត់ដេរម៉េង អៀង ហ្គាមេន ហ្វាក់តូរីអិលធីឌី ដែលធ្វើចត្តាឡីស័ក បន្ទាប់ពីកម្មករម្នាក់រកឃើញវិជ្ជមានកូវីដ១៩ ក្រុមហ៊ុននឹងកាត់ប្រាក់ខែចំនួន៥០ភាគរយ ហើយ ប្រាក់រង្វន់នឹងរក្សាទុកអោយនៅដដែល។នេះបើតាមរដ្ឋបាលរោងចក្រខាងលើ បានអោយលោកឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក ដឹងកាលពីព្រឹកថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២១នេះ នៅពេលលោកចុះទៅចែកអំណោយដល់កម្មករ កម្មការីនីនៅទីតាំងធ្វើចត្តាឡីស័ក ដែលស្ថិតនៅផ្ទះលេខ ១០A ផ្លូវលេខ ៥២៨ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គួររំលឹកថា ហានិភ័យណាស់! រកឃើញកម្មករកាត់ដេរម្នាក់វិជ្ជមានកូវីដ និងរកឃើញអ្នកពាក់ព័ន្ធជាង១០០នាក់
បើតាមរដ្ឋបាលរោងចក្រកាត់ដេរម៉េង អៀង ហ្គាមេន ហ្វាក់តូរីអិលធីឌី បានអោយលោកអភិបាលខណ្ឌទួលគោកដឹងថា ចំពោះកម្មករ កម្មការីនីរបស់រោងចក្រ ដែលធ្វើចត្តាឡីស័ក មិនបានទៅធ្វើការក្រុមហ៊ុន នឹងបើកប្រាក់ខែអោយចំនួន៥០ភាគរយ តែប្រាក់រង្វាន់ និងលើកទឹកចិត្តផ្សេងៗពុំបានកាត់ឡើយ ។ នៅព្រឹកនោះដែរ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក៍បានប្រកាសប្រាប់អោយកម្មករកម្មការីនីដឹងផងដែរ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ការកាត់ប្រាក់ខែកម្មករ កម្មការីនី ដែលជួបបញ្ហាកូវីដ១៩ធ្វើចត្តាឡីស័កនេះ ធ្វើទៅតាមច្បាប់ ឬយ៉ាងណានោះឡើយ ។
ជុំវិញការកាត់ប្រាក់ខែ៥០ភាគរយនេះដែរ កម្មករមួយចំនួនដែលកំពុងតែធ្វើចត្តាឡីស័ក ក៍មានប្រតិកម្មផងដែរ ហើយ បានចាត់ទុកថា ពួកគាត់មិនចង់ឈប់នោះទេ ស្រាប់តែនៅល្ងាចថ្ងៃអាទិត្យ ទី៤ ខែមេសា ខណៈពេលដែលពួកគាត់ឈប់សម្រាកនៅផ្ទះ ត្រូវបានក្រុមគ្រូពេទ្យទៅយកអ្នកជំងឺ ហើយបិទផ្ទះជួលរបស់កម្មករ កម្មាការីនីនោះតែម្តង ។
គួរបញ្ជាក់ថា កម្មករ រោងចក្រម៉េង អៀងហ្គាមេន ហ្វាក់តូរីអិលធីឌី ប្រមាណជាង១០៩នាក់បានជាប់ពាក់ព័ន្ធដោយផ្ទាល់និងប្រយោលនៅកន្លែងធ្វើការ បន្ទាប់ពីកម្មករម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យនិងអាជ្ញាធរខណ្ឌទួលគោកចុះទៅយកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលកាលពីវេលាម៉ោង៥និង៤០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ ក្រៅពីនោះ មានកម្មករ កម្មាការីនីប្រមាណជិត១០០នាក់ទៀត ស្នាក់នៅផ្ទះជួល ច្រកចូលតែមួយត្រូវបានអាជ្ញាធរបិទហ៊ុមព័ទ្ធដើម្បី អោយធ្វើចត្តាឡីស័ក រយៈពេលចំនួន១៤ថ្ងៃ។
កម្មករដែលរកឃើញវិជ្ជមានកូវីដ19 មួយរូបនោះឈ្មោះភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជា បុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀងហ្គាមេន ហ្វាក់តូរីអិលធីឌី ស្នាក់នៅបន្ទប់ជួលលេខ C ៤ ផ្ទះលេខ១០A ផ្លូវ ៥២៨ ភូមិ២ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទន្ទឹមការចុះទៅនាំអ្នកវិជ្ជមានទៅព្យាបាល ក្រុមគ្រូពេទ្យក៍បានយកប្រពន្ធរបស់អ្នកវិជ្ជមាន ដែលជាកម្មាការីនីកាត់ដេរជាមួយគ្នា និងប្អូនប្រុសម្នាក់ដែលជាកម្មករនៅផ្សារអូឬស្សីបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចិត្តាឡីស័ករាជធានីភ្នំពេញដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ។
ដោយឡែក បន្ទប់ផ្ទះជួលចំនួន៥៣បន្ទប់ចេញចូលផ្លូវតែមួយក្នុងនោះមានកម្មករ កម្មការីនីស្ទើរតែទាំងអស់ស្នាក់នៅត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចធ្វើការឡោមព័ទ្ធដើម្បីឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ហើយ ប្រឈមមុខនឹងក្រុមហ៊ុនកាត់ប្រាក់ខែ៥០ភាគរយ ៕
ចែករំលែកព័តមាននេះ