រាជធានី ភ្នំពេញ ៖ អាការៈ «វិលមុខ» អាចជាបញ្ហាធ្ងន់ធ្ងរ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត អ៊ន់ ច័ន្ទរស្មី ឯកទេសប្រសាទសាស្ដ្រនៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ៖ វិលមុខ គឺជាការមានអារម្មណ៍ថា ខ្លួនរបស់យើងកំពុងវិលនៅក្នុងលំហ ឬលំហវិលជុំវិញខ្លួនយើង។ ការវិលមុខ អាចជាសញ្ញាសំខាន់មួយដែលដាស់តឿនយើងទៅរកជំងឺណាមួយ ដែលវានឹងស្តែងចេញបន្ទាប់។ ដូច្នេះយើងមិនគួរព្រងើយកន្តើយចំពោះរោគសញ្ញានេះទេ។
ក) មូលហេតុនៃការវិលមុខ ៖
មានបញ្ហា និងកត្តាផ្សេងគ្នាៗយ៉ាងច្រើន ដែលជំរុញឱ្យមានអាការៈវិលមុខដូចជា ៖
១. បញ្ហាប្រព័ន្ធប្រសាទ ៖ ការវិលមុខដែលរួមផ្សំមកជាមួយសញ្ញាប្រព័ន្ធប្រសាទដូចជា ស្ពឹកមួយចំហៀងខ្លួន ឈឺក្បាលខ្លាំងផ្នែកខាងក្រោយនិយាយអាក់ៗ មើលឃើញរូបភាពបែកជាពីរ ការថយចុះនូវវិញ្ញាណ និងចលនា ការវិលនៃគ្រាប់ភ្នែកក្នុងទិសដៅច្រើនជ្រុង សញ្ញាប៉ះពាល់លើខួរតូច (មិនអាចទប់លំនឹង និងសម្របសម្រួលចលនា ឬដងខ្លួន) ឈ្លក់ និងពិបាកលេប។ រាល់សញ្ញាទាំងអស់នេះ អាចប៉ះពាល់ដល់ជីវិតភ្លាមៗ។
២. បញ្ហាត្រចៀក ៖ បញ្ហាដែលទាក់ទងនឹងត្រចៀកមានដូចជា ៖
ក. ឈឺក្នុងត្រចៀក
ខ. ស្តាប់លែងសូរបាន (ធ្ងន់ត្រចៀក)
គ. ហូរឈាម ឬមានហូរទឹករង៉ៃតាមត្រចៀក ដែលបណ្តាលមកពីការរលាក ដោយសារមេរោគ
ឃ. ការប៉ះទង្គិច ឬដុះសាច់ក្នុងត្រចៀក។
៣. បញ្ហាផ្សេងៗទៀត ៖ ដូចជាការប្រើប្រាស់ថ្នាំមួយចំនួន (ថ្នាំប្រឆាំងការកន្ត្រាក់ ថ្នាំបញ្ចុះសម្ពាធឈាម ។ល។) ខ្វះគ្រាប់ឈាម ខ្វះជាតិស្ករ ខ្សោះជាតិទឹក ជំងឺស្រឺត ការថយចុះសម្ពាធឈាមនៅពេលដែលងើបឈរ។
ខ) ការធ្វើរោគវិនិច្ឆ័យ ៖
- ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ ដើម្បីឈានទៅរកការព្យាបាលមូលហេតុច្បាស់លាស់។
- ពិនិត្យឈាម និងដោយប្រើប្រាស់ម៉ាស៊ីនទំនើបស្វ័យប្រវត្តិដូចជា ស្កេននែរ ឬ អ៊ីអ៊ែអឹម (Scanner, IRM) ដើម្បីរកការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទកណ្តាល និងប្រព័ន្ធប្រសាទក្រៅ។
គ) ផលវិបាកនៃការវិលមុខ ៖
ការវិលមុខញឹកញាប់អាចរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ និងវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ការវិលមុខខ្លាំង អាចបណ្តាលអោយដួលភ្លាមៗ បង្កអោយមានការប៉ះទង្គិចលើសរីរាង្គផ្សេងៗ និងមានគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រសិនបើលោកអ្នកមានអាការៈវិលមុខញឹកញាប់ សូមប្រញាប់មកជួបជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដែលត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យ ពិគ្រោះ ផ្តល់អនុសាសន៍លម្អិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។
លោកស្រីវេជ្ជបណ្ឌិត អ៊ន់ ច័ន្ទរស្មី ឯកទេសប្រសាទសាស្ដ្រនៃមន្ទីរពេទ្យកាល់ម៉ែត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះអាការៈវិលមុខ និងស្វែងរកការព្យាលបាលអោយបានត្រឹមត្រូវ និងឆាប់រហ័ស ដែលអាចអោយយើងការពារអាយុជីវិតបានប្រាកដ ដូចពាក្យស្លោកប្រហែសបាត់ ប្រយ័ត្នគង់ ៕
ចែករំលែកព័តមាននេះ