ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលការប្រមូលផលដំណាំស្វាយចន្ទីរបស់កសិករមួយគ្រួសារ ឈ្មោះ អ៊ឹង វែង ភេទប្រុស អាយុ៧៣ឆ្នាំ ដែលបានដាំដំណាំស្វាយចន្ទីនេះប្រមាណជាង៤០ហិកតា ស្ថិតនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ៖តម្លៃទីផ្សារដំណាំមួយនេះនៅឋេរដដែល បើទោះបីជាដំណាំកសិផលផ្សេងៗ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ ។
ម្យ៉ាងវិញទៀត ដំណាំស្វាយចន្ទី មិនត្រូវការស្រោចទឹកច្រើន ទោះបីជាគេដាំនៅលើដីមានល្បាយក្រួសខ្សាច់ថ្ម ក៏អាច ដុះលូតលាស់យ៉ាងល្អ ត្រឹមតែ៣ឆ្នាំអាចប្រមូលផលគ្រប់លក់ផងដែរ ។
ក្នុងការចុះពិនិត្យចម្ការស្វាយចន្ទីរបស់កសិករខាងលើ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត បានរៀបរាប់ឱ្យដឹងថា ៖ ជាទូទៅប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានដាំដំណាំស្វាយចន្ទីប្រមាណ៥៥០ហិកតា ហើយការដាំដំណាំនេះកន្លងមក មិនមានទ្រង់ទ្រាយធំនៅឡើយ ដោយមានការដាំសាកល្បងខ្លះៗ ក៏មានអ្នកដាំដំណាំមួយនេះ នៅលើដីចម្ការធំៗ មួយចំនួនដែរ ខណៈប្រជាពលរដ្ឋដាំដុះជាបណ្តើរៗ ដោយខាងមន្ទីរក៏បានស្រង់ទិន្នន័យប្រចាំឆ្នាំ ។
លោកបន្តទៀតថា ដំណាំមួយនេះ មានលក្ខណៈងាយស្រួលក្នុងការដាំ និងការថែទាំ ដោយប្រជាពលរដ្ឋទទួលបានលក្ខណៈបច្ចេកទេស ការជ្រើសរើសពូជ និងរបៀបថែទាំពីមន្ទីរ ដើម្បីឱ្យទទួលបាននូវទិន្នផលខ្ពស់ ដូចជាពូជ ដែលទើបបង្កាត់ថ្មី គឺពូជ២៣ជាដើម ដែលកសិករយកទៅដាំ ឆាប់បានទទួលផលក្នុងរយៈពេល៣ទៅ៤ឆ្នាំ ហើយមានគ្រាប់ធំៗ ថ្លោសល្អ ។
ចំពោះការដាំវិញ មិនត្រូវឱ្យកសិកររើសយកដីដែលជីជាតិល្អពេកនោះទេ គឺអាចដាំនៅលើដីថ្ម ក្រួស ឬល្បាយខ្សាច់ក៏ដំណាំនេះអាចដុះលូតលាស់បានដែរ ដោយទុកដីដែលល្អ មានជីវជាតិខ្ពស់ ទុកសម្រាប់ដាំដំណាំ ឬបន្លែផ្សេងៗ វិញ ។
ពាក់ព័ន្ធទៅនឹងបញ្ហាតម្លៃទីផ្សារ ដោយសារខេត្តប៉ៃលិន ជាប់នឹងព្រំដែនកម្ពុជាថៃ ដោយកសិផលមួយនេះ មិនទាន់បានឆ្លងកាត់ទៅប្រទេសថៃមានទំហំធំធេងនៅឡើយទេ ដោយសារតែភាគច្រើនគឺគេដាំដំណាំមួយនេះច្រើននៅខេត្តកំពង់ចាម ហើយមានទីផ្សារនាំចេញទៅលក់ដូរនៅប្រទេសវៀតណាម ដោយបច្ចុប្បន្ន ១គីឡូក្រាម តម្លៃប្រហែល៥៥០០រៀល ទៅ៦០០០រៀល ។
ចំណែកម្ចាស់ចម្ការ ឈ្មោះ អ៊ឹង វែង ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិខាងលើ បានបញ្ជាក់ឱ្យដឹងដែរថា គាត់បានដាំដំណាំស្វាយចន្ទីអស់រយ:ពេល១០ឆ្នាំមកហើយ មានចំនួនជាង៤០ហិកតា ហើយទទួលបានផលលក់ក្នុង១ឆ្នាំៗ ប្រហែល១០ ទៅ១២តោន ហើយក្នុង១គីឡូក្រាម គាត់លក់ក្នុងតម្លៃ៥៥០០រៀលទៅ៨០០០រៀល ។
គាត់បញ្ជាក់ថា ពីមុនគាត់យកពូជមកពីខេត្តកំពង់ចាម ជាស្រុកកំណើតរបស់ខ្លួន ដែលផ្លែមានគ្រាប់តូចៗ ហើយគាត់ក៏កាប់ចោលអស់ជាច្រើន ដោយដាំពូជ២៣ជំនួសវិញ គឺមានគ្រាប់ធំៗល្អ ដោយគាត់ដាំបានរយ:ពេល៣ឆ្នាំមកហើយ ក៏ជួល ឱ្យកម្មករដើររើសជាបណ្តើរៗ ។ ចំពោះថ្លៃឈ្នួលកម្មករវិញ ១គីឡូក្រាម គិតឱ្យគេ៥០០រៀល ទៅ១០០០រៀល ដោយក្នុង១ថ្ងៃ អ្នកខ្លះអាចដើររើសគ្រាប់ស្វាយចន្ទីរបានរហូតដល់៧០ទៅ១០០គីឡូក្រាម ៕
ចែករំលែកព័តមាននេះ