ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សពស្ត្រីពោះធំម្នាក់ត្រូវសាច់ញាតិដឹកអូសតាមម៉ូតូយ៉ាងអាណោចអាធ័មយកទៅធ្វើបុណ្យនៅឯភូមិ បន្ទាប់ពីរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត ដឹកទៅទម្លាក់ចោលតាមផ្លូវ ទោះបីជាសាច់ញាតិសុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ ក៏អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់នោះមិនព្រមដែរ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនោះបានកើតឡើងតាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ ហើយត្រូវបានគេខំព្យាយាមលាក់បាំង ក៏ប៉ុន្តែត្រូវបែកធ្លាយ ក្រោយពីសពស្ត្រីពោះធំនោះឆ្លងទន្លេមិនរួច ក៏បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តរួចមកយូរថ្ងៃហើយ ។
សពស្ត្រីពោះធំឆ្លងទន្លេមិនរួចនោះខាងលើមានឈ្មោះ កាវែម ពូន អាយុ៣១ឆ្នាំ ជនជាតិក្រឹង មានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ ហើយមានកូនស្រី២នាក់ អាយុ៧ឆ្នាំ និង៨ឆ្នាំរស់នៅភូមិឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
បើតាមលោក កា វែមវាំង ត្រូវជាបងប្រុសសស្ត្រីរងគ្រោះពបានឲ្យដឹងថា ប្អូនស្រីរបស់ខ្លួនបានឈឺពោះឆ្លងទន្លេកូនទី០៣ ដែលបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។ ខណៈពេលនោះ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យបានដិតដល់នោះទេ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យ គ្មានសុជីវធម៌ទៀតផង។ ហើយក្រុមគ្រូពេទ្យប្រាប់ថា មិនអាចសង្គ្រោះបានទេ ទោះជាវះកាត់យកកូនចេញក៏.ស្លា.ប់. មិនវះក៏.ស្លា.ប់.ដែរ។
ប្រភពដដែលបន្តថា លុះរហូតមកដល់ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែអាការៈអ្នកជំងឺ (ស្ត្រីពោះធំ) នោះ ធ្វើទុក្ខកាន់តែខ្លាំង ក៏បានដាច់ខ្យល់បាត់បង់ជីវិតតែម្តង ហើយក៏បានដឹកបញ្ជូនសពតាមរថយន្តសង្គ្រោះរបស់ពេទ្យ មកដល់ចំណុចការ៉ាស់សាំង ផ្លូវបំបែកចូលឃុំកាចូន ក៏ស្រាប់តែអ្នកបើកបរចង់រកទំលាក់សពចោលម្តងនៅទីនោះ ប៉ុន្តែសាច់ញាតិសុំអង្វរក៏យល់ព្រមដឹកទៅមុខទៀត លុះរហូតមកដល់ចំណុចស្ពានអូលីង អ្នកបើកបររអ៊ូរថា ផ្ទះឆ្ងាយពេកក៏ទំលាក់សពចោលនៅក្រោមដើមឈើក្បាលស្ពាននោះតែម្តង។
ក្រោយពីរថយន្តទម្លាក់រួចមក សាច់ញាតិក៏បានបន្តដឹកតាមម៉ូតូទៅដល់ផ្ទះ ទាំងស្ថានភាពសាកសពឡើងរឹង និងពោះធំផង គឺមានការលំបាកខ្លាំងណាស់ ទើបធ្វើឲ្យសពស្ត្រីរងគ្រោះអូសដាច់រលាត់ជើងសព ពិតជាគួរឲ្យសង្វេគណាស់។
ចំណែកអ្នកបើកបររថយន្តសង្គ្រោះក៏បានឆ្លើយអះអាងប្រាប់ទៅថ្នាក់លើថា អ្នកភូមិគេតំណមមិនឲ្យយកសពស្ត្រីពោះធំឆ្លងទន្លេមិនរួចចូលភូមិទេ រីឯក្រុមគ្រួសារសព ក៏ទាមទារឲ្យដាក់ចុះនៅត្រឹមនោះតែម្តងទៅ។
ពាក់ព័ន្ធនឹងការដឹកសពមិនដល់គោលដៅរួចទម្លាក់ចោលគួរឲ្យអាណោចអាធ័មនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីបានឱ្យដឹងថា លោកកំពុងតែធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យទៅលើអ្នកបើកបរដែលដឹកសពមិនដល់គោលដៅ ។ ហើយនេះក៏ពុំមែនជាលើកទី១នោះទេ ដែលអ្នកបើកបររថយន្តធ្វើរបៀបនេះ នឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ទង្វើទៅលើជនជាតិដើមភាគតិច និងជនក្រីក្របែបនេះ។
រីឯលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដែលជាព្រឹទ្ធាចារ្យជនជាតិភាគតិច បានសម្ដែងការមិនពេញចិត្ត ហើយក៏មានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ករណីដឹកសពកាត់ភូមិ ឬដឹកចូលភូមិ គឺជនជាតិដើមលែងមានតំណមដូចពីមុនទៀតហើយ រីឯទង្វើរបស់ក្រុមគ្រូពេទ្យ និងអ្នកបើកបរខាងលើ វាជាការរើសអើងទៅលើក្រុមជនជាតិដើមភាគតិចយ៉ាងពិតប្រាកដហើយ៕
ចែករំលែកព័តមាននេះ