រាជធានីភ្នំពេញ ៖ ទាក់ទិនទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាលមកពីសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ លោកវេជ្ជបណ្ឌិត ឈុន វីរៈបញ្ញា ឯកទេសវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា ៖ ជំងឺប្រភេទនេះ គឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល។
លោកវេជ្ជបណ្ឌិត ឈុន វីរៈបញ្ញា បានឲ្យដឹងទៀតថា ៖
ទី១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖
- អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម
- អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឬពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។
ទី២) រោគសញ្ញា ៖
- ឈឺក្បាលខ្លាំង ភ្លាមៗ
- មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)
- វង្វេងស្មារតី ឬសន្លប់ ។
ទី៣) មូលហេតុ ៖
យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ៖
- ជំងឺទឹកនោមផ្អែម
- ការពិសារស្រា និងបារីច្រើន ។
ទី៤) ការធ្វើរោគវិនិច្ឆ័យ ៖
ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។
ទី៥) ការព្យាបាល៖
ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់) ៖
- គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ
- ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
- ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។
ខ) ការព្យាបាលដោយការវះកាត់ ៖
គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។ យើងធ្វើការវះកាត់នៅពេលដែល ៖
- ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)
- អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)
- ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង ។
លោកវេជ្ជបណ្ឌិត ឈុន វីរៈបញ្ញា ឯកទេសវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែតក៏បានរំលឹកផងដែរថា ៖ បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត ជាមួយនឹងក្រុមការងារចំរុះគ្រូពេទ្យឯកទេស ផ្នែកវេជ្ជសាស្ត្រប្រសាទសាស្ត្រ និងឯកទេសវះកាត់ខួរក្បាលច្បាស់លាស់ ដែលទទួលបាននូវបទពិសោធន៍ និងការបណ្តុះបណ្តាលជំនាញនៅប្រទេសបារាំងជាច្រើនឆ្នាំ គួបផ្សំនឹងលទ្ធភាពនៃសំភារៈបរិក្ខារវះកាត់បច្ចេកវិទ្យាទំនើបៗ បាន និងកំពុងទទួលពិគ្រោះ និងព្យបាលវះកាត់គ្រប់ករណី និងស្ថានភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាម ដើម្បីព្យាយាមសង្គ្រោះអាយុជីវិតអ្នកជំងឺយើងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ