រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនារសៀលនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នេះប្រកាសឲ្យថា ការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួញរបស់មហាមិត្តចិនដែលជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នឹងផ្តល់ជូនគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១០ ចាប់ពីថ្ងៃស្អែកតទៅ តាមគោលការណ៍ «ស្ម័គ្រចិត្ត» ។
បើយោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី ២១ កុម្ភះនេះ បានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកុម្ភៈ នៅវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច ។
ជាមួយគ្នានោះផងដែរ ក្រសួងបានបញ្ជាក់នូវទីតាំងទាំង ១០ នៅរាជធានីនិងខេត្តមានដូចខាងក្រោម ៖
ទី១ ៖ រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកសម្ដេចឪ-សម្ដេចម៉ែ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
ទី២ ៖ ខេត្តបាត់ដំបង ៖ មន្ទីរពេទ្យខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកមោងឫស្សី, មន្ទីរពេទ្យបង្អែកសង្កែរ, មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល៣
ទី៣ ៖ ខេត្តបន្ទាយមានជ័យ ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី, មន្ទីរពេទ្យបង្អែកថ្មពួក, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត, មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ
ទី៤៖ ខេត្តឧត្តរមានជ័យ៖ មន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមន្ទីរពេទ្យបង្អែកអន្លង់វែង
ទី៥៖ ខេត្តប៉ៃលិន៖ មន្ទីរពេទ្យខេត្ដប៉ៃលិន
ទី៦៖ ខេត្តកោះកុង៖ មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រែអំបិល
ទី៧៖ ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យខេត្តព្រះសីហនុ
ទី៨៖ ខេត្តស្វាយរៀង៖ មន្ទីរពេទ្យខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែករមាសហែក, មន្ទីរពេទ្យបង្អែកជីភូ, មន្ទីរពេទ្យបង្អែកស្វាយទាប និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
ទី៩៖ ខេត្តពោធិ៍សាត់៖ មន្ទីរពេទ្យខេត្តពោធិ៍សាត់, មន្ទីរពេទ្យបង្អែកបាកាន, មន្ទីរពេទ្យបង្អែកក្រគរ និងមន្ទីរពេទ្យបង្អែកក្រវ៉ាញ
ទី១០៖ ខេត្តកែប៖ មន្ទីរពេទ្យខេត្តកែប។
ក្រសួងក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ក្រុមមនុស្សដែលមានអាយុចន្លោះ ១៨-៥៩ ឆ្នាំ សូមអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩នេះឲ្យបានរួសរាន់តាមទីតាំង និងពេលវេលាដែលបានកំណត់ តាមគោលការណ៍ស្ម័គ្រចិត្ត៕
ចែករំលែកព័តមាននេះ