រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនប្រុសស្រី២នាក់បានឌុបគ្នាចេញពីធ្វើការ រួចឆៀងចូលទៅហូបអី ហើយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេចមុខបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលបានជិះម៉ូតូមកដល់ធាក់ទៅលើជនរងគ្រោះ រួចដាក់ជន្ទល់ម៉ូតូ ហើយក៏ដកកាំភ្លើងគំរាមតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងចំណុចស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ផុន ស្រីឡា ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបុរសដែលជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-2345។
ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកនិច មួយគ្រឿងឌុបគ្នាចេញពីធ្វើការនៅម្តុំសួនកាណាឌីយ៉ា រួចឆៀងចូលទៅហូបអីនៅផ្លូវជិតវត្តអង់តាមិញ លុះពេលហូបរួចហើយ ក៏បាននាំគ្នាជិះចេញមកវិញក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅផ្សាព្រៃទា។
ជនរងគ្រោះបន្តថា ខណៈមកដល់ចំណុចកើតហេតុ ជិតស្តុបទួលពង្រក៏ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល បានជិះម៉ូតូមកពីក្រោយ រួចក៏បានធាក់ទៅលើជនរងគ្រោះឱ្យដួល ហើយដកកាំភ្លើងគំរាមទៀត ធ្វើឱ្យជនរងគ្រោះមានការភ័យស្លន់ស្លោក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ និងនាំយកបុរសខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសាកសួរ។ ចំណែកឯជនរងគ្រោះម្នាក់ទៀតដោយភ័យពេក ក៏ជិះម៉ូតូគេចខ្លួនបាត់មិនឃើញត្រឡប់មកកន្លែងកើតហេតុឡើយ សូម្បីតែទាក់ទងតាមទូរស័ព្ទ ក៏ទាក់ទងមិនចូលដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនដាក់ពាក្យបណ្ដឹងនោះទេ ទើបសមត្ថកិច្ចធ្វើលិខិតបដិសេធបណ្តឹងពីជនរងគ្រោះ ចំណែកឯជនសង្ស័យជានគរបាលខាងលើ ត្រូវបានប្រធានអង្គភាពបាននាំខ្លួនយកទៅដាក់ទោសតាមច្បាប់របស់អង្គភាពភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ