រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ នៅថ្ងៃទី២ កុម្ភៈថា បានព្យាបាលស្ត្រីជាពលករខ្មែរមកពីប្រទេសថៃម្នាក់ បានឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មីនោះទេ ។
ក្រសួងបានឲ្យដឹងថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ ។ ប៉ុន្តែមានករណីជាសះស្បើយចំនួន០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរ ពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។
សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេសគិតមកដល់ថ្ងៃទី២ ខែកុម្ភៈ មានចំនួន៤៦៦នាក់ បានព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ និងកំពុងព្យាបាលចំនួន២២នាក់ ៕
ចែករំលែកព័តមាននេះ