រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីម អ្នកបើកបរស្រឹងបើកលឿនជ្រុល ទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ រិទ្ធី សាន់យ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសធ្ងន់ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុភាគីម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN- 5736 ជិះដោយបុរសម្នាក់ស្រវឹងស្រាបើកល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ គេចពីរថយន្តខាងមុខ ជ្រុលទៅបុកពីទទឹងម៉ូតូ ហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1Q-4690 ជិះដោយបុរសម្នាក់ តាមផ្លូវបេតុងវត្តជន្លង់ម្លូ ពីលិចទៅកើត ឡើងផ្លូវជាតិលេខ៣ បណ្តាលឲ្យបាក់ជើងឆ្វេង ចំណែកបុរសស្រវឹងស្រារងរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូទាំង២គ្រឿងនគរបាលវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ